(ភ្នំពេញ)៖ ​តារាសម្តែងក្នុងសាច់រឿងភាគ ​«ភ្លើងស្នេហ៍ភ្លើងឫស្យា» របស់ស្ថានីយទូរទស្សន៍ កងយោធពលខេមរភូមិន្ទ ប៉ុស្តិ៍លេខ៥ ​បានមកជុំគ្នាអបអរពិធី​ជប់លៀង បិទបញ្ចប់​ជាផ្លូវការ នារាត្រី​ថ្ងៃទី១៤ មិថុនា ឆ្នាំ២០១៦ នៅភោជនីយដ្ឋាន ទន្លេបាសាក់២ ក្បែរច្រមុះជ្រូក​ក្បាលថ្នល់ បន្ទាប់ពីមានការគាំទ្រ ពីទស្សនិកជនក្នុង​បរិយាកាស រីករាយ និងស្និទ្ធស្នាលបំផុត។

​តារាដែលបានបង្ហាញវត្ត​មាន នាគ្រានោះភាគច្រើនសុទ្ធតែ ជាតារាដែលបានសម្តែង នៃខ្សែរឿងភាគនេះ ដើម្បីជុំគ្នាអបអរភាពជោគជ័យ ក្រោយក្រុមការងារ ខំតស៊ូសម្តែង តាំងពីជំហានដំបូង រហូតមកទល់ពេលបញ្ចប់ និងមានការគាំទ្រ ពីទស្សនិកជនទាំង មិននឹកស្មានដល់។

រឿង«ភ្លើងស្នេហ៍ភ្លើង​ឫស្យា» តាមការឲ្យដឹង ពីក្រុមតារាសម្តែងសុទ្ធតែបានលើកឡើង ស្រដៀងគ្នាថា មានសាច់រឿងល្អ ហើយតួសម្តែងដល់គ្រប់ៗគ្នា រហូតទៅណាមកណា គេអាណិតតួស្លូត បើតួកាចវិញដល់ថ្នាក់គេចង់វាយឬសម្លក់សម្លឹងទៀតផង ទោះជានៅក្រៅឆាកសម្តែង ដែលទាំងនេះជាការបង្ហាញ ពីកម្រិតលេងដល់របស់តួ។

ផលិតករថៃ ដែលជាអ្នកចាត់ចែង និងរៀបចំថតរឿងមួយនេះ បានបង្ហាញអារម្មណ៍ថា នេះជារឿងទី២ ដោយរឿងទី១មានចំណងជើងថា «គូស្នេហ៍ចៃដន្យ» សម្តែងដោយ ប៉ែន ចំរ៉ុង និងអ្នក​នាង ខំ ច័ន្ទចរិយា តាំងពី៧ឆ្នាំមុន។ ជាក់ស្តែង៧ឆ្នាំក្រោយ តារាកម្ពុជា គឺពិតជាមានសមត្ថភាព មិនចាញ់តារាជុំវិញ ពិភពលោកនោះឡើយ គឺប្លែកស្ទើរតែមិននឹកស្មានហើយ ក្លាហានទៀតផង។ ស្របពេលដែលក្រសួងព័ត៌មាន ចេញសេចក្តីប្រកាស ឲ្យចាក់បញ្ចាំងរឿងខ្មែរ ក្នុងម៉ោងពិសេស ក្នុងនាមផលិតករប៉ុស្តិ៍លេខ៥ នឹងសន្យាថា ខំសម្រិតសម្រាំង ថតរឿងភាគខ្មែរឲ្យកាន់តែ មានគុណភាពល្អទៅៗ ដែលនេះជាទិសដៅរបស់ ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ក្នុងន័យបម្រើអារម្មណ៍ទស្សនិកជន ដែលតែងតែគាំទ្រស្នាដៃ ផលិតរបស់ប៉ុស្តិ៍លេខ៥។

តារា​សម្ដែង នី មុនីនាថ ​ជាតួអង្គឯកក្នុងរឿង «ភ្លើងស្នេហ៍ភ្លើងឫស្យា» បានបង្ហាញចំណាប់អារម្មណ៍ថា ធ្លាប់តែថតជាមួយក្រុមផលិតករខ្មែរ តែដល់ពេលបានថត ជាមួយផលិតករថៃ ឃើញថាមានភាពប្លែក ហើយជាបទពិសោធន៍ថ្មីទៀត សម្រាប់នាង។ ជាពិសេសផលិតករថៃ ស្រឡាញ់រាប់អានយើងទាំងអស់គ្នា ដូចបងប្អូន និងជួយពន្យល់ណែនាំ ពីរបៀបសម្តែង ឲ្យមើលទៅកាន់តែល្អ។

លើសពី​នេះ នី មុនីនាថ ​ក៏អរគុណដល់ទស្សនិកជន ជាច្រើនដែលបានគាំទ្រ ចំពោះខ្សែភាពយន្តភាគខ្មែររឿង «ភ្លើងស្នេហ៍ភ្លើងឫស្យា» ឲ្យទទួលបានជោគជ័យ ហើយប៉ុស្តិ៍លេខ៥ នឹងខិតខំធ្វើរឿងខ្មែរឲ្យកាន់តែល្អបន្តទៀត ដើម្បីចែកជូនទស្សនិកជន កម្សាន្តផងដែរ៕