(វ៉ាស៊ីនតោន)៖ ប្រៀបធៀបនឹងលោក ដូណាល់ ត្រាំភ៍ មកពីគណបក្សសាធារណរដ្ឋ លោកស្រី ហ៊ីលឡារី គ្លីនតុន ដែលមកពីគណបក្សប្រជាធិបតេយ្យ ហាក់ឆ្លងកាត់ការប្រកួតប្រជែង​រវាងបេក្ខជនប្រធានាធិបតី ក្នុងបក្សរបស់ខ្លួនយ៉ាងសកម្មភាពជាង ក៏ព្រោះតែក្នុងបក្សកាន់អំណាចពីរអាណត្តិចុងក្រោយមួយនេះ មានបេក្ខជនប្រកបដោយថ្វីមាត់ច្រើន។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយ Channel News Asia នាព្រឹកថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០១៦។

ទោះបីជាបែបនេះក្តីលោកស្រី គ្លីនតុន ដែលមានស្វាមីធ្លាប់ប្រធានាធិបតី​អាមេរិកចំនួនពីរអាណត្តិ គឺលោក បៀល គ្លីនតុន និងលោកស្រីខ្លួនឯងផ្ទាល់ ដែលធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីការបរទេស ក្នុងអាណត្តិដំបូងរបស់លោក បារ៉ាក់ អូបាម៉ា នោះ បានយកឈ្នះគូប្រជែងនានា ហើយក្លាយជាបេក្ខភាពតែមួយគត់ប្រចាំគណបក្សប្រជាធិបតេយ្យ ដើម្បីត្រៀមទៅប្រកួតប្រជែងក្នុងការបោះឆ្នោតសកល នៅខែវិច្ឆិកា ខាងមុខនេះតទល់នឹងលោក ដូណាល់ ត្រាំភ៍។

គួរបញ្ជាក់ថា ការប្រកួតប្រជែងចុងក្រោយនៅក្នុងគណបក្សប្រជាធិបតេយ្យ បានធ្វើឡើងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃអង្គារ ហើយក្នុងនោះលោកស្រីបានទទួលសំឡេងគាំទ្រ ៧៨,៧ ភាគរយទៅហើយ ក្រោយពីការរាប់សន្លឹកឆ្នោត ទើបតែសម្រេចបាន ៦៥ភាគរយប៉ុណ្ណោះ។ សម្រាប់គណបក្សប្រជាធិបតេយ្យ គ្រោងនឹងរៀបចំសមាជអបអរសាទរ ថ្ងៃខួបបង្កើតបក្សរបស់ខ្លួន នៅ Philadelphia នាខែកក្កដា ខាងមុខ ហើយវាជាពេលដែលលោកស្រី ហ៊ីលឡារី គ្លីនតុន នឹងត្រូវគណបក្សនេះ ប្រកាសតែងតាំងជាបេក្ខភាពប្រធានាធិបតីផ្លូវការផងដែរ៕