(កណ្ដាល-ភ្នំពេញ)៖​ នៅវេលាម៉ោង៨៖០០យប់ថ្ងៃទី១៤​ ខែមិថុនា​ ឆ្នាំ២០១៦​ ស្ថិតក្នុងឃុំវិហារសួរ​ ស្រុកខ្សាច់កណ្ដាល​ ខេត្តកណ្ដាល​ មានក្រុមចោរប្លន់ប្រដាប់អាវុធ៣នាក់​ ជិះម៉ូតូ SL បានធ្វើសកម្មភាពដកកាំភ្លើងភ្ជង់ប្លន់​យកម៉តូមួយគ្រឿង ម៉ាក MSX ស្លាកលេខភ្នំពេញ​ 1FD-2818 ពីជនរងគ្រោះម្នាក់​ នៅក្នុងក្រុមហ៊ុន 7NG ស្ថិតក្នុងទីតាំងខាងលើ​ ។

សមត្ថកិច្ចបានផ្តល់ព័ត៌មានឲ្យដឹងថា បន្ទាប់ពីធ្វើសកម្មភាពប្លន់យកម៉ូតូបានសម្រេចខាងលើរួចមក​ ក្រុមចោរបានជិះគេចខ្លួនសំដៅមកភ្នំពេញ​ លុះមកដល់សង្កាត់បាក់ខែង​ ក្នុងខណ្ឌជ្រោយចង្វារ​ ក្រុមចោរដដែល​បានធ្វើសកម្មភាពប្លន់ម្ដងទៀត​ គឺបានដកកាំភ្លើងវាយក្បាលជនរងគ្រោះម្នាក់បណ្ដាលឱ្យរងរបួសបែកក្បាល​ ដើម្បីប្លន់យកម៉ូតូ១គ្រឿងទៀតម៉ាក​ Honda Dream 2013​ ពាក់ស្លាកលេខភ្នំពេញ​ 1BF-4461​ នៅជិតស្ពានលីយ៉ុងផាត់​ បន្ទាប់ពីប្លន់បានសម្រេចទាំងនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល​ និងនៅ​សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារួចមក​ ជនប្លន់ប្រដាប់អាវុធមួយក្រុុមនោះបានគេចខ្លួន​ ទៅបាត់ដោយសុវត្ថិភាព​៕