(ប៉ារីស)៖ សហព័ន្ធបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប (UEFA) បានគម្រាមដកសិទ្ធិ​ក្រុមជម្រើសជាតិរុស្ស៊ីចេញពី​ការ​​ប្រកួតបាល់ទាត់ Euro 2016 និង​ពិន័យជាប្រាក់ ១៥០,០០០អឺរ៉ូ បើសិនជា​ក្រុមអ្នកគាំទ្ររបស់រុស្ស៊ី បង្កភាពច្របូកច្របល់ និង​អំពើហិង្សាដល់​អ្នកដទៃម្ដងទៀត នៅក្នុងអំឡុងពេលប្រកួត ដូចកាលពីចុងសប្ដាហ៍មុន។ នេះបើយោងតាមការចេញផ្សាយ​របស់​សារព័ត៌មាន Reuters នៅមុននេះបន្តិច។

ការចេញសេចក្ដីព្រមានរបស់ UEFA នេះ បានធ្វើឡើងក្រោយពីលទ្ធផលស៊ើបអង្កេតបានរកឃើញ​ថា ក្រុមអ្នកគាំទ្ររបស់រុស្ស៊ី បានបង្កហិង្សាដល់​ក្រុមអ្នកគាំទ្រ​​ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស រួមទាំងអ្នកដែលបានទៅទស្សនាការប្រកួត រវាងអង់គ្លេស និង​រុស្ស៊ី នៅកីឡាដ្ឋាន Stade Vélodrome ក្នុងប្រទេសបារាំង។

គួរបញ្ជាក់ផងដែរថា នៅរាត្រីកាលពីរាត្រីថ្ងៃសៅរ៍ ទី១១ មិថុនា កន្លងទៅនេះ ក្រុមជម្រើសជាតិអង់គ្លេស និងរុស្ស៊ី បាន​ប្រកួតសន្សំពិន្ទុក្នុងពូល B ដោយជាលទ្ធផលស្មើ ១-១ ប៉ុន្តែនៅក្នុងការប្រកួតគឺកើតមានករណីប៉ះទង្គិចគ្នារវាងក្រុម​អ្នក​គាំទ្រជម្រើសជាតិរុស្ស៊ី និងអង់គ្លេស ដែលបណ្ដាលឲ្យមនុស្ស ២០នាក់ចូលពេទ្យ ក្នុងនោះមាន ២នាក់របួសធ្ងន់៕