(បាត់ដំបង)៖ ប្រជាពលរដ្ឋ២៦គ្រួសារ មកពីស្រុករតនមណ្ឌល នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ បានមកជុំគ្នានៅមុខសាលាខេត្តបាត់ដំបង ដើម្បីស្នើឱ្យអាជ្ញាធរខេត្តបាត់ដំបង់ ជួយដោះស្រាយ​បញ្ហារំខាន ពីក្រុមហ៊ុនបំផ្ទុះថ្ម BATTAMBANG KT CEMENT Co.,Ltd។

លោក នៀន ដៀវ តំណាងប្រជាពលរដ្ឋ២៦គ្រួសារ បានស្នើសុំឱ្យអាជ្ញាធរខេត្ត មេត្តាជួយដោះស្រាយបញ្ហាបំផ្ទុះថ្ម ដែលបណ្ដាលឱ្យមានប៉ើងថ្មរ៉ាយប៉ាយពេញភូមិ និងបង្កសំឡេងរំខាន ដល់ការសិក្សា​របស់​​ក្មេង ដែលនៅបានរៀននៅសាលាក្បែរនោះ។

ប្រជាពលរដ្ឋដដែលបន្ដថា ពួកគាត់រស់នៅរងភាពអយុត្តិធម៌ខ្លាំងណាស់ ព្រោះដីជាច្រើនហិកតា នៅលើចង្កេះភ្នំ ដែលពួកគាត់អាស្រ័យផលជាង២០ឆ្នាំមកហើយ ដែលបានមកពីការទិញតគ្នា​ពីមួយទៅ​មួយ ត្រូវបានភាគីខាងក្រុមហ៊ុន​ហាមមិនឲ្យចូល ខណៈមិនទាន់ដោះស្រាយសំណងផង ឱ្យពួកគាត់រួចផងនោះ។

ក្នុងនោះដែរ លោក សើ សាម៉េត អភិបាលស្រុករតនមណ្ឌល បានបញ្ជាក់ថា នៅថ្ងៃស្អែកទី១៥ ខែមិថុនានេះ ក្រុមការងារថ្នាក់ខេត្ត និងមន្រ្តីជំនាញពាក់ពន្ធ័ទាំងអស់នឹងចុះពិនិត្យ ប្រមូលបញ្ហា​ដែលនៅសេស​សល់ជាក់ស្តែងហើយ និងមានការពិភាក្សារួមគ្នា ដើម្បីឈានទៅកាន់ការរកដំណោះស្រាយ សមស្របណាមួយ៕