(ភ្នំពេញ)៖ កម្លាំងនគរបាលរបស់នាយកដ្ឋានសើុបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបន្តចុះទៅឃាត់ខ្លូន​ជនជាតិវៀតណាម៨នាក់ បន្ថែមទៀតក្នុងនោះ​ស្រី២នាក់ នៅរសៀល​ថ្ងៃទី១៤ ខែមិថុនា​ ឆ្នាំ២០១៦នេះ។

លោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានសើុបអង្កេត និងអនុវត្តនីតិវិធី បានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើង ដោយមានការសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍បានបញ្ជាក់ថា  ជនជាតិវៀតណាម៨នាក់ ស្រី២នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងភូមិតាង៉ៅកណ្តាល សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ បន្ទាប់ពីជនជាតិវៀតណាម​ទាំងនេះចូលមកស្នាក់​នៅក្នុង​ប្រទេស​កម្ពុជា​ដោយគ្មានច្បាប់អនុញ្ញាតិ។

​បច្ចប្បន្នជនជាតិវៀតណាមទាំង៨នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់នាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់ការតាមនីតិវិធី៕