(ភ្នំពេញ)៖ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការគ្រប់គ្រងមន្រ្តីរាជការ និងកិច្ចការរដ្ឋបាលទូទៅ» នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានជំរុញឱ្យមន្រ្តីរាជការទាំងអស់ បង្កើនសមត្ថភាពបន្ថែមទៀត លើកិច្ចការរដ្ឋាបាលទូទៅ ដើម្បីជំរុញបន្ថែមលើប្រសិទ្ធភាពការងារ។

ថ្លែងទៅកាន់សិក្ខាកាមនៅក្នុងពិធីនេះ ស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ជា បូរ៉ា បានបញ្ជាក់ កត្តាធនធានមនុស្ស គឺជាភាពចាំបាច់ ក្នុងដំណាក់កាលបច្ចុប្បន្នដែលយើង កំពុងមានតម្រូវការ ដើម្បីធានាជំរុញឱ្យការងារសម្រេចបានលទ្ធផល ល្អប្រសើរពីព្រោះថា យើងពិតជាជួបបញ្ហាពិបាក និងមិនមានភាពងាយស្រួលក្នុងការដោះស្រាយការងារបានទេប្រសិនបើយើងគ្មាន ការយល់ដឹងអំពីទ្រឹស្តី ឬសញ្ញាណ នៃការងារជាមុនសិនទេនោះ។

លោករដ្ឋលេខាធិការបានបន្ថែមទៀតថា ការបណ្តុះបណ្តាល គឺសំដៅបង្កើនសមត្ថភាពជំនាញរបស់មន្រ្តីរាជការដើម្បីបំពេញការងារ បច្ចុប្បន្នឱ្យមានប្រសិទ្ធភាពជាងមុន និងសំដៅកសាងចំណេះដឹងថ្មីៗ ដើម្បីឆ្លើយតបឱ្យបានសម្រេចតាមសេចក្តីត្រូវការទូទៅរបស់ មន្រ្តីរាជការ ទាំងនៅទីស្តីការក្រសួង និងមន្ទីរទេសចរណ៍ រាជធានី ខេត្ត និងតាមការវិវត្ត នៃបច្ចេកវិទ្យា និងសង្គមទាំងមូល។ ប៉ុន្តែទោះបីយើងធ្លាប់បានឆ្លងកាត់នូវបទពិសោធន៍ការងារខ្លះៗពីមុនមកក៍ដោយតែក្នុងរបត់ថ្មីនៃ ការងារនិងដំណាក់កាលបច្ចុប្បន្នបាន បណ្តាលឱ្យយើងជួបការលំបាកមួយចំនួន ដែលទាមទារឱ្យយើងត្រូវតែស្វែងយល់ថែមទៀត ហើយនោះគឺជាកម្មវត្ថុដែលនាំដល់ការ បើកវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ។

លោកជឿជាក់ថា វគ្គបណ្តុះបណ្តាលនេះ និងសម្រេចបានលទ្ធផលល្អ និងផ្តល់ឱ្យយើងទាំងអស់គ្នានូវមូលដ្ឋានជំនាញ និងទស្សនៈត្រឹមត្រូវ ដើម្បីបំពេញភារកិច្ចឱ្យកាន់តែស្វាហាប់ និងមានប្រសិទ្ធភាព សំដៅរួមចំណែកធ្វើឱ្យសម្រេចទិសដៅយុទ្ធសាស្រ្តរបស់ក្រសួង និងការងារបណ្តុះបណ្តាលធនធានមនុស្ស៕