(បន្ទាយមានជ័យ​)៖​ ក្រុម​សប្បុរសជន​ជាច្រើននាក់ បានចុះ​ជួយ​ជួសជុល​សាលាបឋមសិក្សាចំនួន២ ព្រមទាំងចែកសម្ភារ​សិក្សា និងអាហារចែក​ដល់​សិស្សានុសិស្ស សរុបចំនួន១៦៦នាក់ លោកគ្រូ​អ្នកគ្រូចំនួន១៥នាក់ ព្រមទាំងចាស់ជរាប្រមាណ៦០នាក់ និងស្ត្រីដែលមានជីវភាពខ្វះខាត ដែលទើបនឹងសម្រាលកូនរួច ត្រូវបានទទួលអំណោយ ព្រមទាំងថវិកាមួយចំនួន ពីសប្បុរសជន​ក្រុងប៉ោយប៉ែត អនិកជនខ្មែររស់នៅសហរដ្ឋអាមេរិក។

​លោក ប៊ុន​ ណាំអៀង​ តំណាងឲ្យក្រុម​សប្បុរសជន បាន​ឲ្យដឹងនៅ​ថ្ងៃ​ព្រឹក​ថ្ងៃទី​១៤​ ខែ​មិថុនា​ ឆ្នាំ២០១៦នេះថា​ ក្រុមការងារលោកបានចូល​រួមចំណែក ជាមួយនឹងរាជ​រដ្ឋាភិបាល​ ដើម្បីកាត់​បន្ថយភាពខ្វះខាតរបស់ពលរដ្ឋ​ ប្អូនៗសិស្សានុសិស្ស​ ដូច្នេះ​ហើយលោកក៏​គៀរ​គរ​ ដល់​សប្បុរសជន​ក្នុងស្រុក និងក្រៅប្រទេសដើម្បីចូលរួមទាំងអស់គ្នា។ លោកបន្ថែមថា​ ក្រុមការងារមនុស្សធម៌ គឺអាស្រ័យទៅលើការចុះជួប​នូវស្ថានភាពជាក់ស្តែង មិនមាននិន្នាការនយោបាយណាឡើយ គឺផុសចេញពី​បេះដូងពិតៗ។

លោកបន្តថា​ សាលាបឋមសិក្សាធ្មេញត្រី ដែលមានផ្ទៃដី​ទំហំ២២.៥ម៉ែត្រ x ៩ម៉ែត្រ​ ត្រូវបានទទួលការឧបត្ថម្ភបន្ថែម នូវការលើកដី ចាក់សាប ដាំដើមឈើ ព្រមទាំងសាងសង់បង្គន់១​ ដើម្បីប្រើប្រាស់ជាប្រយោជន៍រួម។ អំណោយដែលទទួលបានពីសប្បុរសជន ដើម្បីចែកជូនរួមមាន៖ ឆ័ត្រចំនួន២០០​, ស្បែកជើងផ្ទាត់ចំនួន២០០គូ, សម្ភារសិក្សា២០០ឈុត, ខោអាវកីឡាចំនួន២០០ឈុត, នំប៉័ងចំនួន៣០០ដុំ, តែត្រជាក់ TENSAI ចំនួន៤៨០ដប, ទឹកបរិសុទ្ធចំនួន២០០យួរ, ក្តាឃានធំៗ ចំនួន៦ផ្ទាំង, ថវិការចំនួន១,៦០០,០០០​រៀល, និង​ម្ហូបអាហារចំនួនមួយពេល សម្រាប់ក្រុមការងារសប្បុរសជន៕