(ញូយ៉ក)៖ ចំនួននៃការសម្លាប់រង្គាលមនុស្សស្រឡាញ់ភេទដូចគ្នា និងមនុស្សកែភេទ បានកើនឡើង ២០ភាគរយ បន្ថែមទៀតសម្រាប់សហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១៥ ហើយជាក់ស្តែងវាបានហក់ឡើងខ្លាំងថែមទៀត ក្រោយការ បាញ់ប្រហារក្នុងក្លឹបមនុស្សស្រឡាញ់ភេទដូចគ្នា នៅ អ័រឡាន់ដូ ដែលបានបណ្តាលឲ្យមនុស្សស្លាប់ ៤៩នាក់។ នេះបើតាមការចេញផ្សាយមុននេះបន្តិចដោយ Channel News Asia នាព្រឹកថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០១៦។

ងាកទៅមើលកាលពីឆ្នាំ ២០១៥ គឺជាឆ្នាំមួយដែលមានការសម្លាប់រង្គាលមនុស្សខ្ទើយ ខ្លាំងបំផុតគិតចាប់តាំងពីឆ្នាំ ២០១២ មក។ មនុស្សស្រឡាញ់ភេទដូចគ្នា និងមនុស្សកែភេទសរុប ២៤នាក់ ត្រូវបានគេសម្លាប់នៅសហរដ្ឋអាមេរិក ដែលចំនួននេះមានការកើនឡើង ២០ភាគរយពីឆ្នាំ ២០១៤។ នេះបើតាមរបាយការណ៍របស់ កម្មវិធីប្រឆាំងអំពើហិង្សា នៃសម្ព័ន្ធថ្នាក់ជាតិ (NCAVP)។

គួរបញ្ជាក់ថាសមាគមនៃមនុស្សស្រឡាញ់ភេទដូចគ្នានៅអាមេរិក បាននិងកំពុងសម្តែងចេញនូវក្តីព្រួយបារម្ភជាខ្លាំង ចំពោះការកើនឡើងនៃការសម្លាប់រង្គាល ដែលភាគច្រើនបានបង្កឡើងដោយបញ្ហាផ្លូវចិត្ត និងជម្លោះរវាងបុគ្គល។ ដោយឡែកការវាយប្រហារនៅ អ័រឡាន់ដូ ក្នុងក្លឹបមនុស្សស្រឡាញ់ភេទដូចគ្នាកាលពីចុងសប្តាហ៍មុន វាជាករណីថ្មី ប៉ុន្តែក៏បានធ្វើឲ្យអត្រាមនុស្សស្រឡាញ់ភេទ ដូចគ្នាដែលត្រូវបានគេសម្លាប់នោះ មានការកើនឡើងយ៉ាងកក្រើកថែមទៀតដែរ៕