(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ត្រូវបានមន្ត្រីសេតវិមានបង្ហើបឲ្យដឹងថា លោកនឹងទៅបំពេញទស្សនកិច្ ចនៅកន្លែងទទួលរងការបាញ់ប្រហារ សម្លាប់មនុស្ស ៤៩នាក់ នៅក្នុងទីក្រុង អ័រឡាន់ដូ (Orlando) រដ្ឋផ្លូរីដា នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ដើម្បីសួរសុខទុក្ខក្រុមគ្រួសារជងគ្រោះ និងអ្នកដែលបានរងរបួស ទំាង ៥៣នាក់ផ្សេងទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានអាមេរិក USA TODAY នាព្រឹកថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០១៦។

ក្រៅពីការសាកសួរសុខទុក្ខជនរងគ្រោះនោះ លោក អូបាម៉ា ក៏ត្រូវបានគេរំពឹងទុកផងដែរថា នឹងធ្វើការជួបប្រជុំជាមួយអភិបាល និងមន្ត្រីសន្តិសុខនានាក្នុងទីក្រុង អ័រឡាន់ដូ ដើម្បីពិភាក្សាពីការរឹតបន្តឹងការគ្រប់គ្រងកាំភ្លើង ជាពិសេសនោះ គឺសំណើរបស់អភិបាលរដ្ឋ ដែលចង់ដាក់តំបន់ភាគខាងត្បូងនេះ ទៅក្នុងគ្រាអន្តរាយ។ សម្រាប់ព័ត៌មានចុងក្រោយ ឲ្យដឹងថា ជនសង្ស័យឈ្មោះ Omar Mateen បានស្ថិតនៅទីក្រុង អ័រឡាន់ដូ ពីរទៅបីថ្ងៃមុនការវាយប្រហារនៅក្នុងក្លឹបមនុស្សភេទទីបី ធ្វើឡើងកាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុន៕