(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ចូន។ បានថ្លែងបញ្ជាក់ថា កម្ពុជាស្វាគមន៍ និងបើកទូលាយចំពោះការបណ្តាក់ទុនវិនិយោគពីបរទេសលើគ្រប់វិស័យ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដឹកជញ្ជូន និងភស្តុភារកម្ម។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងយ៉ាងដូចនេះនាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងឪកាសអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន CMA CGM (Cambodia) Co., Ltd. ដឹកនាំដោយលោក Laurent OLMETA នាយកប្រតិបត្តិក្រុមហ៊ុន CMA CGM Asia Pacific Limited រួមជាមួយសហការី ចូលជួបពិភាក្សាការងារនៅទីស្តីការក្រសួង។

ជំនួបពិភាក្សាការងារនេះបានផ្តោតជាសំខាន់លើវិស័យដឹកជញ្ជូនតាមផ្លូវទឹក កំពង់ផែ វិស័យភស្តុភារកម្មនៅកម្ពុជា និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ដែលកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់នាពេលបច្ចុប្បន្ននេះ។ ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីហេដ្ឋារចនាសម្ព័ន្ធកំពង់ផែស្វ័យតក្រុងព្រះសីហនុ និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែស្វ័យតភ្នំពេញ ការពង្រីកចំណតផែកុងតឺន័រនៅកំពង់ផែក្រុងព្រះសីហនុ ការងារសាងសង់កំពង់ផែពហុបំណងខេត្តកំពត គម្រោងសិក្សាអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ គម្រោងសិក្សាជីកព្រែកតភ្ជាប់ផ្លូវទឹកពីទន្លេបាសាក់ទៅសមុទ្រកែប គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានសាងសង់រួចរាល់និងបានបញ្ចប់ការដាក់ឱ្យដំណើរការសាកល្បងដោយឥតគិតថ្លៃ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលកំពុងរៀបចំចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាពេលខាងមុខនេះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់បន្ថែមថា វិស័យដឹកជញ្ចូន និងភស្តុភាកម្មនៅកម្ពុជាកំពុងតែមានសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័ស សក្តិសមសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស(FDI) ហើយកម្ពុជាសូមស្វាគមន៍យ៉ាងពេញទំហឹង និងបើកទូលាយចំពោះការវិនិយោគពីបរទេស។

សូមជម្រាបជូនថា ក្រុមហ៊ុន CMA CGM (Cambodia) Co., Ltd. គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CMA CGM Group ដែលមានទីស្នាក់ការកណ្តាលរបស់ខ្លួនឋិតនៅរាជធានីភ្នំពេញ និងមានសាខានៅកំពង់ផែក្រុងព្រះសីហនុផងដែរ។ ក្រុមហ៊ុន CMA CGM (Cambodia) Co.,Ltd ផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនដល់អតិថិជនរបស់ខ្លួននៅទូទាំងពិភពលោកប្រកបដោយគុណភាព និងភាពច្នៃប្រឌិត ៕