(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោក ហ្សង់-ក្លូដ ពាំបឺហ្វ បានគូសបញ្ជាក់សារជាថ្មី ពីការប្តេជ្ញាចិត្តរបស់ប្រទេសបារាំង ក្នុងការបន្តគាំទ្រដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើគម្រោងវិនិយោគធំៗរបស់ស្ថាប័ននេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទឹកស្អាត ដែលកាន់តែកើនឡើងជាលំដាប់ របស់ប្រជាជនរស់នៅក្នុងរាជធានីភ្នំពេញទាំងមូល។

ការប្តេជ្ញាចិត្តរបស់លោកឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា យ៉ាងដូច្នេះធ្វើឡើង នៅថ្ងៃចន្ទ ទី១៣ ខែមិថុនានេះ ក្នុងឱកាសដែលអមដំណើរ ដោយលោក Philippe Steinmetz នាយកទីភ្នាក់ងារភិវឌ្ឍន៍បារាំងប្រចាំកម្ពុជានិងឡាវ បានអញ្ជើញទៅពិនិត្យដំណើរការសាងសង់រោងចក្រ ផលិតទឹកស្អាតនិរោធ ជំហានទី២ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំង។

ប្រភពព័ត៌មានដដែលបានឲ្យដឹងថា រោងចក្រផលិតទឹកស្អាតនិរោធ ដែលស្ថិតនៅភាគខាងកើតរាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើង ជាពីរដំណាក់កាល ក្រោមជំនួយពីដៃគូអន្តរជាតិនានា ក្នុងនោះមានទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA)។ ការកសាងក្នុងជំហានទី១ ទទួលបានសហហិរញ្ញប្បទានចំនួន១៦លានអឺរ៉ូ ពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (លើការ ចំណាយសរុបជាង៩០លានដុល្លារ) ហើយអាចផលិតទឹកស្អាតបានចំនួន១៣ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ បន្ទាប់ពីត្រូវបានដាក់ឲ្យដំណើរការ តាំងពីខែមករា ឆ្នាំ២០១៣មក ។

ការសាងសង់ជំហានទី២ ដែលមានសមត្ថភាពផលិតទឹកស្អាតដូចជំហានទី១ដែរនោះ បានចាប់ផ្តើមកាលពីឆ្នាំ២០១៤ ហើយគ្រោងនឹង បញ្ចប់នៅចុងឆ្នាំ២០១៦នេះ ក្រោមឥណទានថ្មីចំនួន៣០លានអឺរ៉ូ ពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង និងថវិកាបដិភាគរបស់រដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ។

បច្ចុប្បន្ន ការងារសាងសង់ដែលធ្វើឡើង ដោយក្រុមហ៊ុន Vinci Construction Grands Projets ក្រោមការត្រួតពិនិត្យបច្ចេកទេសរបស់ ក្រុមហ៊ុន SAFEGE សម្រេចបាន៨៣%ហើយ។ ជំហានទី២ នេះនឹងជួយអោយរដ្ឋាករទឹកផ្គត់ផ្គង់ ទឹកស្អាតដល់ប្រជាជន ៣៥ម៉ឺននាក់ បន្ថែមទៀត នៅតំបន់ជាយរាជធានី។ ក្រោយពេលសាងសង់ រោងចក្រផលិតទឹកស្អាតនិរោធ នឹងអាចផ្គត់ផ្គង់៥០% នៃតម្រូវការទឹកស្អាត នៅភ្នំពេញ និងក្លាយទៅជារោងចក្រផលិតទឹកស្អាតធំជាងគេនៅកម្ពុជា ។

រោងចក្រនេះនឹងបំពាក់ដោយបច្ចេកវិទ្យាកម្រិតខ្ពស់ ដើរដោយប្រព័ន្ធបញ្ជាស្វ័យប្រវត្តិ ដែលនឹងជួយឲ្យរដ្ឋាករទឹកក្រុងភ្នំពេញរក្សាបាន នូវតំណែងជាអ្នកផលិតនិងចែកចាយទឹកស្អាតគម្រូក្នុងតំបន់។ ក្នុងន័យនេះ លោកឯកអគ្គរដ្ឋទូតបារាំង បានថ្លែងកោតសរសើរ ដល់គុណភាពទឹកផលិត ដោយរដ្ឋាករទឹកក្រុងភ្នំពេញ ដែលស្របតាមគ្រប់ស្តង់ដារអន្តរជាតិ ជាមួយអត្រាបាត់បង់ទឹកប្រមាណតែ ៧%ប៉ុណ្ណោះ ខណ:ដែលនៅប្រទេសបារាំង អត្រាបាត់បង់ទឹកមានរហូតដល់ប្រមាណ១៥% ។

ចាប់តាំងពីឆ្នាំ១៩៩២មក ប្រទេសបារាំងបានបន្តជួយកម្ពុជា ក្នុងការស្តារនិងកសាងបណ្តាញ ទឹកស្អាតតាមរយៈការផ្តល់ហិរញ្ញប្បទាន ពីសំណាក់រតនាគារបារាំង បន្ទាប់មកទៀតតាមរយៈជំនួយ របស់ទីភ្នាក់ងារ AFD ដែលបានផ្តល់កម្ចីគ្មានការធានា ពីរដ្ឋដំបូងគេចំនួនចំនួន ១១,១លានអឺរ៉ូ ដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកាលពីឆ្នាំ២០០៦ ដើម្បីបង្កើនទ្វេដង នូវសមត្ថភាពរោងចក្រ ផលិតទឹកស្អាតជ្រោយចង្វារ។ ហិរញ្ញប្បទានផ្តល់ជាបន្តបន្ទាប់ ដោយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ដែលមានចំនួនសរុបជាង៦១លានអឺរ៉ូ ចាប់តាំងពីឆ្នាំ២០០២មកក៏បាន ជួយរដ្ឋាករទឹកពង្រីកបណ្តាញចែកចាយទឹកប្រមាណ៨២៥គីឡូម៉ែត្រផងដែរ។

លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅឆ្នាំ២០១៧ ខាងមុខនេះ គ្រោងសាងសង់រោងចក្រផលិត ទឹកស្អាតមួយទីតាំងទៀត នៅចំការមន ដែលមានសមត្ថកិចភាព ផលិតទឹកបាន៥២០០០ម៉ែត្រគូប ក្នុង១ថ្ងៃ។ គម្រោងនេះ ភាគីបារាំង (AFD) បានយល់ព្រមផ្តល់ហិរញ្ញប្បទានរួចហើយ និងកំពុងស្ថិតនៅការសម្រេចចុងក្រោយរបស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុតែប៉ុណ្ណោះ។ ការសាងសង់រោងចក្រផលិតទឹកស្អាតថ្មីនេះ គ្រោងនឹងចំណាយទឹកប្រាក់បដិភាគ ចំនួន៣០លាន ដុល្លារអាមេរិក៕