(ភ្នំពេញ)៖  លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកសរសើរពីសមត្ថភាពរបស់កាមេរ៉ា Leica នៃកំពូលស្មាតហ្វូត Huawei P9 ថាមានគុណតម្លៃ ដូចទៅនឹងរថយន្ត Rolls Roye  ដែលមានតម្លៃ និងគុណភាពខ្ពស់ មិនសរសើរមិនបាន។

ថ្លែងក្នុងពិធីសំណេះសំណាលជាពិសេសជាមួយតំណាងក្រុមហ៊ុន Huawei នាថ្មីៗនេះ លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានកោតសរសើរ ពីបច្ចេកវិទ្យាឈានមុខរបស់ក្រុមហ៊ុន Huawei ដែលបានច្នៃប្រឌិតនូវកំពូលស្មាតហ្វូន ដោយបំពាក់កាមេរ៉ាភ្លោះរបស់ក្រុមហ៊ុន Leica ដ៏ល្បីឈ្មោះលើពិភពលោក លើកំពូលស្មាតហ្វូនស៊េរីថ្មី Huawei P9 ដែលមានសមត្ថភាពចាប់យករូបភាពបានច្បាស់ និងទំនើបឈាន មុខគេ ដោយលោកបានលើកឡើងថា «Huawei P9 មិនធម្មតា មិនសរសើរមិនបាន ជាពិសេសគឺ Camera ភ្លោះរបស់ Leica នៅលើ Huawei P9 គឺមានគុណតម្លៃស្មើនឹងរថយន្ត Rolls Roye »

លោកបានបន្តថា រាល់ថ្ងៃ លោកក៏កំពុងប្រើប្រាស់ Huawei Mate 8 ដែរ ដែលពិតជាងាយស្រួលប្រើប្រាស់ពិតមែន ហើយឥឡូវ Huawei P9 ជាមួយនឹងកាមេរ៉ាភ្លោះ Leica ពិតជាកាន់តែពិសេស»។

ជាមួយគ្នានេះដែរ លោក អែម យុទ្ធូ នាយកទីផ្សារ និងកញ្ញា zhuli ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជា បានពិភាក្សាលើចំណុចសហប្រតិបត្តិការមួយចំនួន ជាមួយលោករដ្ឋមន្រ្តី ដូចជា ការចូលរួមគាំទ្រកម្មវិធីការប្រកួតមគ្គុទេសទេសចរនិយាយ ភាសាចិន, ពិធីជួបជុំអ្នកសារព័ត៌មានប្រមាណ៤០០នាក់ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងខែសីហា ឆ្នាំ២០១៦ ខាងមុខ ក៏ដូចជាចង់ចូលរួមសហការ ការប្រកួតប្រជែងយុវជនគំរូ ផងដែរ។

សូមរំលឹកថា ក្រុមហ៊ុន Huawei បានចូលរូមចំណែក ដ៏ធំក្នុងការជួយកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍវិស័យបច្ចេកវិទ្យា អ៊ីនធើណេត សម្ភារបណ្តាញទូរគមនាគមន៍ នៅកម្ពុជា ក៏ដូចជាតែងតែចូលរួមក្នុងសកម្មភាពថែរក្សាប្រពៃណី វប្បធម៌ ការអប់រំ កម្មវិធីអង្គរសង្ក្រាន្ត និងការប្រកួតមគ្គុទេសនិយាយភាសាចិនល្អបំផុត ជារៀងរាល់ឆ្នាំ ដែលធ្វើការប្រកួតផ្តាច់ព្រាត់ នៅស្ថានីយទូរទស្សជាតិកម្ពុជា ជាពិសេសតែងតែឧបត្ថម្ភជំនួយសប្បុរសធម៌ ដល់កាកបាទក្រហមកម្ពុជា ចំនួន២០ម៉ឺនដុល្លារ រៀងរាល់ឆ្នាំ៕