(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលរងខណ្ឌដង្កោ និងចៅសង្កាត់ព្រៃវែង បានចុះសួរសុខទុក្ខបងប្អូន ប្រជាពលរដ្ឋតាមខ្នងផ្ទះ ហើយក៏បាននាំអំណោយ ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន៣គ្រួសារ ដែលរស់នៅក្នុងសហគមន៍ទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦។

លោក គង់ សំអុល សង្កាត់ព្រៃវែង បានឲ្យដឹងថា លោក ចេង មុនីរ៉ា អភិបាលរងខណ្ឌ បានផ្តល់អំណោយជូនដល់បងស្រីម្នាក់ដែល សម្រាលកូនមិនគ្រប់ខែ ហើយអកុសលកូនដែលកើត មិនគ្រប់ខែស្លាប់ បន្ទាប់មកលោកបានសួរសុខទុក្ខ អ៊ុំស្រីម្នាក់ទៀត ដែលធ្លាក់ពីលើ ដើមព្រីង នៅភូមិព្រៃវែងខាងលិច សង្កាត់ព្រៃវែង ដោយលោកអភិបាលរង ឃើញពីជីវភាពរបស់អ៊ំស្រីមានការលំបាកលោកក៏បានចាត់ចែង ចំណាយថវិកាផ្ទាល់ខ្លួនដើម្បីយកអ៊ុំស្រី ទៅថតឆ្លុះឆ្អឹងនៅមន្ទីពេទ្យរុស្ស៊ី តែលទ្ធផលមិនមានអ្វីធ្ងន់ធ្ងរនោះទេ។
ក្នុងឱកាសចុះសួរសុខទុក្ខប្រជាពលរដ្ឋនាពេលនោះ លោកអភិបាលរង បានទទួលយកសំណូមពរ ប្រជាពលរដ្ឋចំនួន២គ្រួសារដែលចង់ ប្តូរសៀវភៅស្នាក់នៅថ្មី ព្រោះសៀវភៅចាស់របស់ពួកគាត់ រហែកដាច់ដោយដុំខូចអស់ ហើយលោកសន្យានឹងធ្វើឲ្យបានឆាប់ហើយយក ប្រគល់ជូនដល់ផ្ទះពួកគាត់តែម្តង។  

លោក ចេង មុនីរ៉ា បានផ្តល់សម្ភារ និងថវិកាមួយចំនួន ជូនប្រជាការពារ និងប្រជាពលរដ្ឋក្នុងសហគមន៍ ទួលសំបូរសង្កាត់ព្រៃវែង ដែលជួប ការលំបាកចំនួន៣គ្រួសារ។ ក្រោយបញ្ចាប់ការចុះសុខទុក្ខប្រជាពលរដ្ឋ លោកបានចុះពិនិត្យអគារទីស្នាក់ការ គណបក្សសង្កាត់ព្រៃវែង ដែលបានសាងសង់រួចរាល់ស្ថាពរ ដើម្បីត្រៀមរៀបចំសម្ពោធនៅដើមខែកក្កដា ឆ្នាំ២០១៦៕