(ភ្នំពេញ)៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់​វិស័យធនធាន​មនុស្ស និងអភិវឌ្ឍអាជីព​គណនេយ្យ នៅកម្ពុជា​ក្រុមហ៊ុន អេសផ្លាស ខនសាល់ធីង (Aplus consulting Co.,Ltd)បានសហការ​ជាមួយក្រុមហ៊ុន BSE Accountiong Co.,Ltd ក្រោមការសហការគាំទ្រដោយ ACCA Cambodia) Cambodia Beverage Company-CoCa-Cola និងក្រុមហ៊ុន KOI Cafe បាន​រៀបចំសិក្ខាសាលា មួយពិភាក្សាលើប្រធាបទ «មគ្គុទេសន៍ជោគជ័យ ក្នុងអាជីពគណនេយ្យ និងហិរញ្ញវត្ថុ» ដែលមានការចូលរួមពីបុគ្គល​មកពីស្ថានប័នផ្សេងៗ​ជាច្រើនទៀត ប្រមាណជាង​៥០០នាក់ នៅមជ្ឈមណ្ឌល សហប្រតិបត្ដិការកម្ពុជា-ជប៉ុន (CJCC)។

លោក សរ គីណាល់ អគ្គនាយកក្រុមហ៊ុន Aplus consulting Co.,Ltd បានលើកឡើងពីគោលបំណង នៃកម្មវិធីនេះថា ការបើកសិក្ខាសាលាដែលប្រារព្ធធ្វើឡើង នៅថ្ងៃទី១២ ខែ​មិថុនា ឆ្នាំ២០១៦ ជាផ្នែកមួយដ៏សារៈប្រយោជន៍ខ្លាំងណាស់ ហើយថែមទាំងដើម្បីចូលរួម លើកកម្ពស់វិស័យធនធានមនុស្សនៅកម្ពុជា ដោយផ្សារភ្ជាប់ពីអ្នកផលិត និង ផ្គង់ផ្គត់ធនធានមនុស្ស តាមរយៈកម្មវិធីនានា ដូច​ជាសិក្ខាសាលាចែករំលែកបទពិសោធន៍ ការយល់ដឹងមួយដែលគន្លឹះសំខាន់ៗ ក្នុងការឆ្លើយតបទៅនឹងតម្រូវការដ៏ច្រើនសន្ធឹកសន្ធាប់ នៃតម្រូវការទីផ្សារកម្ពុជា នាពេលបច្ចុប្បន្ននេះផងដែរ។

លោកបន្ដថា «ពិសេសសិក្ខាសាលានេះ នឹងលើកយកមកជជែកពិភាក្សា នូវសារៈសំខាន់ជាច្រើនដូចជា មគ្គុទេសន៍ជោគជ័យ ក្នុងការក្លាយខ្លួន ជាប្រធានផ្នែកគណនេយ្យ, គុណវឌ្ឍន៍​ និងលក្ខណៈសម្បត្ដិ ដើម្បីទទួលបានភាពជោគជ័យ ក្នុងអាជីពគណនេយ្យ និងហិរញ្ញវត្ថុ, ក្រមសីលធម៌របស់អ្នកជំនាញគណនេយ្យ និងហិរញ្ញវត្ថុ រួមទាំង តើគណនេយ្យករ អាច​បំពេញ​តួនាទីនិងធ្វើអ្វីខ្លះ ទៀត ក្នុងការជួយឲ្យអាជីវកម្មរីកចម្រើន  ក្រៅពីការរៀបចំរបាយការណ៍​ហិរញ្ញវត្ថុ ជួបជាមួយនឹងវាគ្មិនជំនាញៗ និងមានបទពិសោធ ជាច្រើនឆ្នាំ​ក្នុងអាជីពគណនេយ្យ និងហិរញ្ញវត្ថុ»

លោក តឹក វសនា នាយក ACCA Cambodia បានលើកឡើងថា គណនេយ្យករប្រកបដោយវិជ្ជាជីវៈ និងសមត្ថភាពខ្ពស់ មិនត្រឹមតែតួនាទី ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឲ្យយើង​បានដឹង​អំពីការចំណេញ ឬខាត និងស្ថានភាពហិរញ្ញវត្ថុ នៃក្រុមហ៊ុនប៉ុណ្ណោះទេ តែគណនេយ្យករ គឺជាដៃគូយុទ្ធសាស្ដ្ររបស់អ្នកគ្រប់គ្រង​ ឬម្ចាស់អាជីវកម្មថែមទៀតផង គឺពួកគាត់អាច​ផ្ដល់ប្រឹក្សា លើការវិ​និយោគ និង​ធ្វើការពិភាក្សាទៅលើសក្ដានុពល ការរីកចម្រើន និងការគ្រប់គ្រងទៅលើទៅលើការ ចំណូលចំណាយ ប្រកបដោយប្រសិទ្ធិភាព។

ទន្ទឹមនឹងនោះ លោក សាន វុទ្ធី ប្រធានគ្រប់គ្រង ទូទៅនៃក្រុមហ៊ុន  BSE Accountiong Co.,Ltd ក៏បានបង្ហាញពីគន្លឹះសំខាន់ៗ ដើម្បីក្លាយខ្លួន ជាប្រធានផ្នែកគណនេយ្យដ៏ជំនាញ និងការ​ត្រៀមខ្លួនក្នុងការទទួលយកនូវ តួនាទីដ៏សំខាន់ ក្នុងអាជីពគណនេយ្យ ដែលជាក្លាយខ្លួនជាសមាជិក នៃស្ថាប័នជំនាញជាលក្ខណៈអន្ដរជាតិ ដែលទាំងនេះ ជាការវាយតម្លៃសមត្ថភាព និងគុណភាព​កូនខ្មែរយើង ក្នុងតំបន់ ក៏ដូចពិភពលោកផងដែរ។

គួរបញ្ជាក់ថា សិក្ខាសាលាមគ្គុទេសន៍ជោគជ័យ ក្នុងអាជីពគណនេយ្យ និងហិរញ្ញវត្ថុនេះ​នឹងក្លាយជាផ្នែកមួយយ៉ាង មានអត្ថប្រយោជន៍ ​សម្រាប់ជួយបន្ថែមភាពច្បាស់​លាស់​បន្ថែមលើបទពិសោធន៍​កន្លងមកទៀត ដើម្បីក្លាយជាធនធានមនុស្សសំខាន់របស់កម្ពុជា និងសកលលោក៕