(រតនគិរី)៖ ក្រុមហ៊ុនមួយកន្លែងដែលមានគេស្គាល់ថា ជាក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ប៉ុន្ដែអ្វីដែលគេឃើញច្បាស់ទៀតនោះគឺ លួចដឹកឈើកែច្នៃចេញជារៀងរាល់យប់ទៅប្រទេសវៀតណាម តាមច្រករបៀង «ភូមិភិ» ស្ថិតក្នុងឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ជាក់ស្តែង នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦នេះ គេឃើញរថយន្ត Lexus ដឹកឈើកែច្នៃ ដែលមានសរសេរអក្សរចិន ដឹកតាមផ្លូវជាតិលេខ៧៨ ឆ្ពោះទៅវៀតណាមតាមច្រករបៀង ភូមិភិ ប៉ុន្តែបានជ្រុះឈើរាយប៉ាយតាមផ្លូវ ហើយគ្មានឃើញជំនាញរដ្ឋបាលព្រៃ និងសមត្ថកិច្ចពាក់ព័ន្ធត្រួតពិនិត្យ ធ្វើការទប់ស្កាត់ឡើយ បើទោះបីមានសមត្ថកិច្ចជាច្រើនស្ថាប័នដាក់ប្រចាំការនៅក្បែរកន្លែងច្រករបៀងនោះ។

មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ប្រាប់ឲ្យដឹងថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាល បានបិទអាជ្ញាប័ណ្ណនាំឈើចេញទៅក្រៅប្រទេស ប៉ុន្តែការដឹកជញ្ជូនតាមរថយន្ត​ខាងលើតាម​ច្រក​របៀង​ឆ្ពោះទៅប្រទេសវៀតណាមជារឿងខុសច្បាប់។ ការដែលមានឈើដឹកនៅពេលយប់ និងមានខ្នាតមានអក្សរចិន ជាវត្ថុតាងដោយសារតែ ក្រុមឈ្មួញទិញឈើរួច ដឹកយកទៅដាក់ក្រុមហ៊ុន​ដីសម្បទានសេដ្ឋកិច្ច មានឧបករណ៍ធ្វើការកែច្នៃឈើ ដើម្បីបន្លំភ្នែកសមត្ថកិច្ចជំនាញ ដោយមានការត្រូវរ៉ូវ​ជាមួយសមត្ថកិច្ច​ប្រចាំការតាមដងផ្លូវ​ជាច្រើនស្ថាប័ន ជាពិសេសកម្លាំងការពារ​ព្រំដែន​យោធា​លេខ​១០២ និងកម្លាំងនគរបាលការពារព្រំដែនលេខ៦២៣។

ក្នុងករណីនេះដែរ ភ្នាក់ងារ Fresh News មិនអាចសុំការបំភ្លឺ ពីសមត្ថកិច្ចណាមួយបានទេនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ៕