(ត្បូងឃ្មុំ)៖ រថយន្តចំនួន៣គ្រឿង ដែល២គ្រឿងជារថយន្តយោធា របស់អង្គភាពកងពលដឹកជញ្ជូនលេខ៩៩ ដែលមានលោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ជាមេបញ្ជាការ និងមួយគ្រឿងទៀត ជារថយន្តសារ៉ែនយោធា ត្រូវបានកម្លាំងនគរបាលខេត្តត្បូងឃ្មុំ ចាប់ឃាត់នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ ពេលកំពុងដឹកជញ្ជូនឈើប្រណិត (ឈើក្រញូង)។

លោក ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានប្រាប់អង្គភាព Fresh News ថា ក្រោយទទួលបានព័ត៌មាន ពីសកម្មភាពដឹកឈើទាំងនេះ កម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងពាក់ព័ន្ធ បានចុះទៅស្ទាក់ និងឃាត់រថយន្តទាំង៣គ្រឿង សុទ្ធតែរថយន្តរបស់យោធាតែម្តង។

ស្នងការនគរបាលបានបញ្ជាក់ថា រថយន្តទាំង៣គ្រឿងនេះ ត្រូវបានរកឃើញថា បានដឹកឈើជាច្រើនម៉ែត្រគូប ជាប្រភេទឈើក្រញូង ប្រុងនាំទៅកាន់ប្រទេសវៀតណាម។

សូមបញ្ជាក់ថា បើទោះពីជាមានការទប់ស្កាត់ទ្រង់ទ្រាយធំ លើសកម្មភាពដឹកជញ្ជូន នឹងនាំចេញឈើប្រណិតក៏ដោយ តែការលួចដឹកជញ្ជូនទាំងនេះ ត្រូវបានគេមើលឃើញថា នៅតែកើតមានឡើងជាបន្តបន្ទាប់ ដោយមានការពាក់ព័ន្ធជាមួយមន្រ្តីមួយចំនួន៕