(ពោធិ៍សាត់)៖ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ បានប្រារព្ធពិធីអបអរខួបអនុស្សាវរីយលើកទី៩ ទិវាអតីតយុទ្ធជនកម្ពុជា ដែលប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាព លោក ម៉ៅ ធនិន អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងមានការចូលរួមពីលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ត្រី ប៉ែន ណាវណ្ណ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ព្រមទាំង លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាលស្រុកក្រុង កងកម្លាំងប្រដាប់អាវុធ សមាជិកសមាជិកាសមាគមន៍យ៉ាងច្រើនកុះករផងដែរ។ នៅក្នុងឱកាសនោះលោកអភិបាលខេត្ត បានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ជាតិ និងអង្គការអន្តរជាតិ សូមផ្តល់ ឧបត្ថម្ភគាំទ្រចំពោះអតីតយុទ្ធជន។

ក្នុងឱកាសនេះដែរ លោក ម៉ៅ ធនិន បានថ្លែងថា ការប្រារព្ធទិវានេះ ដើម្បីឲ្យជនកម្ពុជាគ្រប់រូប គ្រប់វ័យគ្រប់មជ្ឈដ្ឋាន ក្នុងសង្គមឲ្យនឹកឃើញចងចាំទុកក្នុងចិត្ត នូវមហាពលីកម្មដ៏ធំធេង មិនមានកាត់​ថ្លៃបាន ក្នុងការតស៊ូ ដើម្បីបុព្វហេតុរំដោះជាតិ មាតុភូមិប្រែក្លាយប្រទេសឲ្យសម្បូរសប្បាយរុងរឿង ដូចសព្វថ្ងៃនេះ។ លោកបានបន្តថា បងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវចូលរួមចលនា៣ពូកែ អំពាវនាវ​ដល់ដៃគូអភិវឌ្ឍន៍ជាតិ និងអង្គការអន្តរជាតិ សូមផ្តល់កិច្ចសហប្រតិបតិ្តការ ឧបត្ថម្ភគាំទ្រចំពោះអតីតយុទ្ធជនឲ្យបានសកម្មបន្តទៀត។ លោកក៏បានអំពាវនាវឲ្យមន្ទីរសង្គមកិច្ច ត្រូវបើកផ្តល់របបគោល​នយោបាយដល់ អតីតយុទ្ធជន និងគ្រួសារឲ្យទាន់ពេលវេលា ត្រូវទប់ស្កាត់ការលក់របបគោលនយោបាយ។

លោក ញឹក សារ៉េត ប្រធានមន្ទីរសង្គមកិច្ច និងជាអនុប្រធានប្រចាំការសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្ត បានថ្លែងថា ការរៀបចំទិវាអតីតយុទ្ធជនកម្ពុជា គឺមានគោលបំណងលើកកម្ពស់ ការយល់ដឹង អំពីអតីតយុទ្ធជន បំផុសចលនាគាំទ្រអតីតយុទ្ធជន លើកកម្ពស់ស្មារតីជួយឧបត្ថម្ភ និងដើម្បីជាឱកាសឲ្យប្រជាជន អតីតយុទ្ធជន បានយល់ដឹងអំពីការរីកចម្រើន របស់សមាគមន៍អតីត​យុទ្ធជនកម្ពុជា​។ លោកបានបន្ដថា គិតត្រឹមខែឧសភា ឆ្នាំ២០១៦ អតីតយុទ្ធជនគ្រប់ប្រភេទ និងគ្រួសារដែលកំពុងទទួលរបបឧបត្ថម្ភគោលនយោបាយ មាន៤២៩៧នាក់ ក្នុងនោះមានអ្នកនៅក្នុងបន្ទុក១៤៨៤នាក់ ស្រី១១៧២នាក់។

បន្ថែមពីនេះ លោក ម៉ៅ ធនិន និងលោកស្រី ហ៊ុន ចាន់ធី ក៏បានចែកអំណោយដល់អ្នកដែលចូលរួម១៤០នាក់ ម្នាក់ៗទទួលបានសារុងមួយ ថវិកា១ម៉ឺនរៀល និងបើកប្រាក់មរណសង្រ្គោះ​ដល់គ្រួសារ​យុទ្ធជន​ពលី​៤នាក់ ដែលក្នុងម្នាក់ៗទទួលប្រាក់៤លានរៀល ដែលនឹងប្រគល់ជូននៅថ្ងៃទី១៧ ខែមិថុនា ខាងមុខនេះ៕