(កណ្តាល)៖ ជនរងគ្រោះ២នាក់ជាម្តាយ និងកូនប្រុសអាយុ២ឆ្នាំ ជាជនជាតិវៀតណាម បាននិងកំពុងបាត់ខ្លួន ក្រោយទូកដឹកទំនិញ (ដឹកដែក) ចំណុះ៣០០តោន បានលិចចូលទន្លេ ស្ថិតនៅចំណុចកំពង់ផែដែកយូ លឹមភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ នៅវេលាម៉ោង ៣ទាបភ្លឺ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦។ ហេតុការណ៍នេះ ជនរងគ្រោះ៦នាក់ បានរួចពីសេចក្តីស្លាប់ ដោយសារហែលគេចទាន់។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះចំនួន០៨នាក់ ក្នុងនោះប្រុស៧នាក់ ស្រីម្នាក់ ហើយបាត់ខ្លួន២ ជាម្តាយ និងកូន។ស្រី្តជាម្តាយឈ្មោះ ចាំង មុីថាន់ អាយុ២៨ឆ្នាំជនជាតិវៀតណាម មានទីលំនៅប្រទេសវៀតណាម និងកូនប្រុស ឈ្មោះផាម ជីធិន អាយុ០២ឆ្នាំដែលសមត្ថកិច្ចសង្ស័យថា ស្លាប់បាត់ទៅហើយ។

សមត្ថកិច្ច បានបញ្ជាក់ថា នៅថ្ងៃខែឆ្នាំខាងលើ​ វេលាម៉ោង១៩៖៣០នាទី ទូកដឹកដែក០១គ្រឿង ចំណុះ៣០០តោន មកពីប្រទេសវៀតណាម បានចូលចតចំណុចកើតហេតុខាងលើ លុះដល់វេលាម៉ោងកើតហេតុស្រាប់តែទឹកនាចទៅវិញ បណ្តាលឲ្យទូកផ្អៀង លិចទៅក្នុងទឹកទន្លេ បាត់ខ្លួនមនុស្សចំនួន២នាក់តែម្តង។

នៅពេលនេះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរជាច្រើននាក់ កំពុងជួយអន្តរាគមន៍តាម ស្វែងរកជនរងគ្រោះទាំង២នាក់៕