(ភ្នំពេញ)៖ ព្រឹត្ដិការណ៍ដ៏អសា្ចរ្យ ដែលមានទាំងសំឡេងស្រែកហ៊ូរកញ្ជៀវ ពេញពហុកីឡាដ្ឋានជាតិអូឡាំពិក នៅវគ្គផ្ដាច់ព្រ័ត្រជ្រើស ជើងឯកបាល់ទះប្រចំា Division B របស់ពានរង្វាន់ស្រាបៀរលីអូ លើកទី៥ ឆ្នាំ២០១៦ ( Leo Cup National Volleyball 2016 Division B) ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញនេះ ដែលជើងខ្លាំងប៉ះជើងខ្លាំង បានធ្វើឲ្យកក្រើកតែម្ដង គឺ កងពលតូចលេខ៣១ ការពារកោះឆ្នេរ ជាមួយនឹងស្នងការនគរបាលខេត្តកំពង់ចាម ជាលទ្ធផលបច្ចេកទេសបានទៅលើក្រុម កងពលតូចលេខ៣១ការពារកោះឆ្នេរ ។

ក្នុងពិធីបិទការប្រកួតដណ្តើម ជើងឯកកីឡាបាល់ទះ លើកទី៥ ពានរង្វាន់ Leo Cup National Volleyball 2016 Division B វគ្គផ្តាច់ព្រ័ត្រ ក៏មានអញ្ជើញចូលរួម ដោយផ្ទាល់ពីលោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងសមាជិកគណៈគម្មាធិការប្រតិបត្ដិ សហព័ន្ធកីឡាបាល់ទះកម្ពុជា រួមទាំងអ្នកទស្សនាជាច្រើនរយនាក់ផងដែរ។

លោក អ៊ុក សិទ្ធិជាតិ បានលើកឡើងថា «ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណ និងកោតសរសើរចំពោះសហព័ន្ធកីឡាបាល់ទះដែលបាន សហការជាមួយក្រុមហ៊ុន Boonrawd Trading International និងជាក្រុមហ៊ុនចែកចាយស្រាបៀរលីអូផ្តាច់មុខ ការរៀបចំការប្រកួតកីឡា បាល់ទះ ពានរង្វាន់ Leo Cup National Volleyball 2016 Division B ក្នុងគោលបំណងរួមចំណែកជាមួយ រាជរដ្ឋាភិបាលក្នុងការបំផុស និងអភិវឌ្ឍវិស័យកីឡាបាល់ទះនៅកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសរួមចំណែកជាមួយ រាជរដ្ឋាភិបាលលើកកម្ពស់ សុខុមាលភាព ប្រជាពលរដ្ឋ និងកាត់បន្ថយភាពអសកម្មផ្សេងៗ នៅក្នុងសង្គម»

ការប្រកួតនេះ គឺមានចំនួន២គូ គឺគូទី១- ខ្មែរសាមគ្គីកំពង់ចាម ជាមួយ កងពលតូចអន្តរាគមន៍លេខ៧ លទ្ធផលបច្ចេកទេសគឺ ខ្មែរសាមគ្គី កំពង់ចាមឈ្នះ ៣-១ កងពលតូចអន្តរាគមន៍លេខ៧ និងគូទី២-កងពលតូចលេខ៣១ ការពារកោះឆ្នេរ ជាមួយនឹងស្នងការនគរបាលខេត្ត កំពង់ចាម ជាលទ្ធផលបច្ចេកទេស ក្រុមកងពលតូចលេខ៣១ ការពារកោះឆ្នេរ ឈ្នះ ៣-០ស្នងការនគរ​បាល​ខេត្តកំពង់ចាម។

ការប្រកួត Division Bនេះ មាន១០ក្រុមចូលរួមប្រកួត ដែលមកពីបណ្តាលរាជធានី-ខេត្តចំនួន៥ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ កំពង់ចាម បាត់ដំបង និងខេត្តសៀមរាប ​រីឯកីឡាករសរុបមានចំនួន ១២០នាក់។

សម្រាប់លទ្ធផលបច្ចេកទេស នៃការប្រកួតដណ្តើមជើងឯកកីឡាបាល់ទះ លើកទី៥ ពានរង្វាន់ Leo Cup National Volleyball 2016 Division B គឺចំណាត់ថ្នាក់លេខ១ កងពលតូចលេខ៣១ ការពារកោះឆ្នេរ, ចំណាត់ថ្នាក់លេខ២ ស្នងការនគរបាលខេត្តកំពង់ចាម, ចំណាត់ថ្នាក់លេខ៣ ខ្មែរសាមគ្គីកំពង់ចាម, ចំណាត់ថ្នាក់លេខ៤ កងពលតូចអន្តរាគមន៍លេខ៧។

គួររំលឹកថា ជើងឯកលេខ១ ប្រចាំ Division B នឹងត្រូវប្រកួតជាមួយនឹង Division A ដើម្បីជ្រើសយកជើងឯកប្រចាំ ពាន់រង្វាន់ស្រាបៀរលីអូ លើកទី៥ ឆ្នាំ២០១៦ ជាមួយនឹងទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ ដែលនឹងប្រារព្ធធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ ។ សូមតាមដាន ទស្សនាឲ្យបានច្រើនកុះករ ដើម្បីជួយលើកស្ទួយវិស័យកីឡានៅកម្ពុជា៕