(អាមេរិក)៖ យោងតាមព័ត៌មាន BBC ចេញផ្សាយ​ Update មុននេះបន្តិចបានឲ្យដឹងថា ករណីបាញ់ប្រហារនៅក្លឹបកម្សាន្តស្រឡាញ់ភេទដូចគ្នា ក្នុងទីក្រុង Orlando រដ្ឋផ្លូវរីដា សហរដ្ឋអាមេរិក ប៉ូលិសអះអាងថា មានអ្នកស្លាប់ជាច្រើននាក់អាចដល់២០នាក់ នៅខាងក្នុងក្លឹប និងរងរបួសជាង៤០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ប៉ូលិសបានបញ្ជាក់ទៀតថា ខ្មាន់កាំភ្លើងដែលបានបាញ់ប្រហារនៅក្លឹបនោះ ត្រូវបានក្រុមប៉ូលិសបាញ់សម្លាប់នៅនឹងកន្លែង។

សូមជំរាបថា មានករណីបាញ់រះដ៏កក្រើកមួយបានកើតនៅក្នុងក្លឹបកម្សាន្តពេលរាត្រី សម្រាប់មនុស្សស្រឡាញ់ភេទដូចគ្នាក្នុងទីក្រុង Orlando រដ្ឋផ្លូវរីដា ភាគខាងត្បូង សហរដ្ឋអាមេរិក ដែលហេតុការណ៍នេះបានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការបាញ់តារាចម្រៀងស្រីម្នាក់របស់កម្មវិធី The Voice ស្លាប់លើឆាក ក្នុងទីក្រុងដដែលនេះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយ RT នៅរសៀលថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០១៦។

ខ្មាន់កាំភ្លើងជាបុរសខាងលើនេះ បានបាញ់រះទៅលើមនុស្ស២០នាក់ និងចាប់មនុស្សមួយចំនួនទៀត ធ្វើជាចំណាប់ខ្មាំង ហើយគេថែមទាំងគំរាមសម្លាប់ខ្លួនឯង ដោយអះអាងថា គ្រាប់បែកមួយចង្កោមបានបំពាក់ជាប់ខ្លួនគេផងដែរ។ បច្ចុប្បន្ននេះប៉ូលិសកំពុង តែឡោមព័ទ្ធក្លឹប Pulse ទាំងយប់ ដើម្បីសង្គ្រោះមនុស្សចេញពីដៃខ្មាន់កាំភ្លើង ហើយគេក៏មិនទាន់ដឹងច្បាស់ថា មនុស្សប៉ុន្មាននាក់រងរបួស ឬ ក៏ស្លាប់នោះដែរ៕