(ភ្នំពេញ)៖ អនុលោមតាមខ្លឹមសារ នៃអនុស្សារណៈយោគយល់គ្នា របស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងសាកលវិទ្យាល័យ ប្រាណាខន ស៊ី អាយុធ្យា រ៉ាយ៉ាបាត សាកលវិទ្យាល័យទាំងពីរ បានរៀប​ចំព្រឹត្តិការណ៍បោះជំរុំប្រចាំឆ្នាំ របស់និសិ្សតសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប និងសាកលវិទ្យាល័យ ប្រាណាខន ស៊ី អាយុធ្យា រ៉ាយ៉ាបាត ក្នុងឯកទេសគ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍​ទំនាក់ទំនង​អន្តរជាតិជាភាសាអង់គ្លេស និងភាសាអង់គ្លេសចំនួន២០នាក់ ជាតំណាង នៃសាកលវិទ្យាល័យទាំងពីរ ។  

ក្នុងពិធីស្វាគមន៍បើកកម្មវិធី នៃព្រឹត្តិការណ៍បោះជំរុំនេះ លោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការរង និងជាតំណាងលោកបណ្ឌិត ជា​ សុភាព សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បានសម្តែងនូវការអបអរសារទរ ចំពោះក្រុមប្រតិភូនិសិ្សតទាំងពីរភាគី ដែលបានចូលរួមក្នុងព្រឹត្តិការណ៍បោះជំរុំប្រចាំឆ្នាំ២០១៦ នេះ។  

លោក ស៊ុន សេដ្ឋា​ បាន ធ្វើការរម្លឹកខ្លះៗអំពីចំណងសម្ព័ន្ធភាព និងកិច្ចសហប្រតិបត្តការរបស់ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ​និង សាកលវិទ្យាល័យ ប្រាណាខន ស៊ី អាយុធ្យា រ៉ាយ៉ាបាត សាកលវិទ្យា​ល័យ​យើងទាំងពីរ បានចុះអនុស្សារណៈ​យោគយល់គ្នា (MOU) ដែលបានធ្វើឡើងតាំងពីខែកញ្ញា ឆ្នាំ២០១៤​ ដោយមានការគាំទ្រពីអគ្គរាជទូត​នៃព្រះរាជាណាចក្រថៃ​ឡងដ៏ប្រចាំនៅកម្ពុជា។ បន្ទាប់ពី​បាន​ចាប់ដៃគូសហប្រតិបត្តិការរបស់ភាគីយើងទាំងពីរ   យើងបានអនុវត្ត និងកំពុងបន្តអនុវត្តនូវបេសកកម្ម និងសកម្មភាពសំខាន់ៗមួយចំនួនដែលមានចែងក្នុងខ្លឹមសារ នៃ MOU រួមមានដូចជា វគ្​គបណ្តុះបណ្តាលខ្លីៗ លើជំនាញកុំព្យូទ័រ កម្មវិធីផ្លាស់ប្តូរសាស្រ្តាចារ្យ ការផ្លាស់ប្តូរកម្មវិធីសិក្សា ​​ការផ្លាស់ប្តូរបទពិសោធន៍ ការផ្លាស់ប្តូរវប្បធម៌ ការចែករំលែកនូវចំណេះ​ដឹងថ្មីៗឱ្យគ្នាទៅវិញ​ទៅមកជា​ដើម។ ​

លោក ស៊ុន សេដ្ឋា នេះថាគឺជាព្រឹត្តិការណ៍ថ្មីមួយទៀ​ត ក្នុងចំណោមព្រឹត្តិការណ៍ជាច្រើន ដូចបានរៀបរាប់ជូនខាងលើ​ ដែលមានគោលបំណងផ្តល់នូវចំណេះដឹងថ្មីៗ ការចែករំលែកពីប្រព័ន្ធអប់រំ​នៃប្រ​ទេស​យើងទាំងពីរ​ (កម្ពុជា-​ថៃ) ការបង្ហាញនូវមុខម្ហូបប្រចាំត្រកូលនៃប្រទេសយើងទាំងពីរ តាមរយៈការចំអិនអាហារបង្ហាញពីនិសិ្សតទាំងពីរក្រុម AEU និង ARU ការលេងល្បែងកម្សាន្តរួម​គ្នាលក្ខណៈ​មិត្តភាព ការចុះធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ដូចជា ការទៅ ​ទស្សនាព្រះបរមរាជវាំងនៃព្រះរាជាណាចក្រកម្ពុជា ការទៅទស្សនារមណីយដ្ឋាន​វប្បធម៌ប្រវត្តិ​សាស្ត្រភ្នំ​ឧត្តុង្គ ​ការធ្វើដំណើរទស្សនាចរណ៍ជុំវិញរាជធានីភ្នំពេញ ​និងការដើរទិញទំនិញតាមផ្សារ​​ជាដើម​។

លោកសាកលវិទ្យាធិការរង បានសង្កត់ធ្ងន់ថា ក្នុងនាមគណៈគ្រប់គ្រង ​បុគ្គលិក និងសាស្រ្តាចារ្យទាំងអស់ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប សូមប្តេជ្ញាបន្តពង្រឹងនូវចំណងសម្ព័ន្ធភាព នៃកិច្ចស​ហ​ប្រតិបត្តិ​ការ​នេះ ឱ្យកាន់តែរឹងមាំ និងប្រសើរឡើងថែមទៀត ព្រមទាំងចូលរួមអនុវត្តនូវខ្លឹមសារ នៃអនុស្សារណៈយោគយល់គ្នា ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីជាប្រយោជន៍​សម្រាប់និសិ្សតយើង​ទាំងពីរ​ភាគី។ លោកសាកលវិទ្យាធិការរង ក៏បានជំរុញលើកទឹកចិត្តដល់ប្អូនៗនិសិ្សតទាំងពីរក្រុម ដែលបានចូលរួមក្នុងកម្មវិធីបោះជំរុំនេះ ត្រូវតែបង្កើតនូវទំនាក់ទំនង និងសាមគ្គី​ភាព សហប្រតិបតិ្តការគ្នា​ឱ្យបានល្អ ព្រមទាំងយកចិត្តទុកដាក់ស្វែងយល់ និងទាញយកបទនូវពិសោធន៍​ល្អៗពីគ្នាទៅវិញទៅមក ក្នុងគោលបំណងអភិវឌ្ឍន៍​នូវសមត្ថភាពជំនាញ​សិក្សារបស់ខ្លួន៕