(ភ្នំពេញ)៖ លោកវរសេនីយ៍ត្រី ឯក សេរីវុធ អធិការរងនគរបាលយុត្តិធម៌ ខណ្ឌជ្រោយចង្វារ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា កម្លាំងរបស់លោក បានបង្ក្រាបករណីគ្រឿង​ញៀនទៀតហើយ  ដោយធ្វើការឃាត់ខ្លួន​ជនសង្ស័យ៦នាក់ ថ្នាំញៀន៣កញ្ចប់ និងម៉ូតូ៣គ្រឿង។

ករណីបង្ក្រាបគ្រឿងញៀនខាងលើត្រូវបានធ្វើឡើងនៅវេលាម៉ោង​៦៖២០នាទីយប់ ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៦ នៅចំណុចតាមបណ្ដោយ​ផ្លូវជាតិលេខ៦ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

សូមបញ្ជាក់ថា កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បានដាក់គោលដៅបន្តយាមល្បាត​ក្នុងភូមិ​សាស្ត្ររ​បស់ខ្លួន​សហការ និងកម្លាំងនគរបាលតាម​បណ្ដាប៉ុស្ដិ៍មូលដ្ឋានស្ទើរៀង​រាល់យប់និងបង្ក្រាប​បានករណីជួញដូរ ក៏ដូច​ជាករណីប្រើប្រាស់នូវសារធាតុញៀនជាច្រើនករណីជាពិសេសភាគ​ច្រើនគោលដៅតាម​បណ្ដោយផ្លូវជាតិលេខ​៦Aតែម្ដង ។

ជាក់ស្ដែងនៅយប់មិញនេះ ខណៈដែល កម្លាំងល្បាតរបស់ នគរបាលខណ្ឌជ្រោយចង្វារ​បានឃាត់ខ្លួនជនត្រូវសង្ស័យចំនួន៦នាក់​ដោយរកឃើញដកហូត​ថ្នាំញៀនចំនួន៣​​កញ្ចប់សង្ស័យជាម៉ាទឹកកក ដែលជនទាំងនេះបានរក្សា​ទុកធ្វើ​សកម្មភាពជក់រួមជាមួយគ្នារួម​ទាំងដកហូតមធ្យោបាយធ្វើដំណើរ​របស់ជនត្រូវជាប់​សង្ស័យមានម៉ូតូចំនួន៣គ្រឿងផងដែរ ។

លោក ឯក សេរីវុធ បានបញ្ជាក់ថា ជនត្រូវឃាត់ខ្លួន៖ទី១-ឈ្មោះ ម៉ៅ ប៊ុនឈឿន ភេទប្រុស អាយុ២៤ឆ្នាំ  និងទី២-ឈ្មោះ លឹម ឡុង ភេទប្រុស អាយុ២៣ឆ្នាំ  ជនត្រូវសង្ស័យទាំង២នាក់ ខាងលើ​ស្នាក់នៅ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយ ចង្វារ ទី៣-ឈ្មោះ ខាន់ បូរ៉ា ភេទប្រុស អាយុ៣០ឆ្នាំ  និង ទី៤-ឈ្មោះ ឃិន សំណាង ភេទប្រុស អាយុ៣១ឆ្នាំ ជនត្រូវ សង្ស័យទាំង២នាក់ស្នាក់នៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិកោះ ដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ទី៥-ឈ្មោះ ពុធ តូនី ភេទប្រុស អាយុ២១ឆ្នាំ និងទី៦-ឈ្មោះ ពុធ ប៉ូលីន ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅ ផ្លូវលំ ភូមិព្រែកកុយ ឃុំ ព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។ ជនត្រូវជាប់សង្ស័យទាំង៦នាក់ មានមុខរបរជាកម្មករសំណង់ដូចគ្នា។

លោក ឯក សេរីវុធ បានបន្តថា បច្ចុប្បន្ន ជនត្រូវជាប់សង្ស័យរក្សាទុកនិងប្រើប្រាស់ថ្នាំញៀនរួមជាមួយវត្ថុតាង ត្រូវបញ្ជូន ទៅឃុំខ្លួនបណ្ដោះអាសន្ន​នៅអធិការដ្ឋាននគរបាល​ខណ្ឌជ្រោយចង្វារ​ដើម្បីបន្តនិតិវិធីតាម​អយ្យការសាលាដំបូងរាជធានីភ្នំពេញ ៕