(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានចេញអធិបញ្ជាឲ្យលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតចំពោះ សម រង្ស៉ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នេះបើយោងតាមលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ។

អធិបញ្ជារបស់ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា នៅក្នុងវិដេអូមួយដែលត្រូវបានបង្ហោះក្នុងបណ្តាញសង្គម Facebook កាលពីពេលថ្មីៗនេះ សម រង្ស៉ី បាននិយាយប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថា «មិនមានមនសិកាជាតិ និង ក្បត់ជាតិ»។ សម្តីដែល សម រង្ស៉ី បាននិយាយនៅក្នុងវិដេអូដែលត្រូវបាន និងកំពុងផ្សព្វផ្សាយជាសាធារណៈ តាមរយៈបណ្តាញសង្គមនេះគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រ ដែលធ្វើបានធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់ ព្រះមហាក្សត្រនៃ ព្រះរាជណាចក្រកម្ពុជា ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជានុរាស្រ្តខ្មែរទូទាំងប្រទេស។

អធិបញ្ជារបស់ក្រសួងយុត្តិធម៌ បានបញ្ជាក់បន្ថែមថា ទង្វើនេះគឺជាការរំលោភបំពានមាត្រា៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ ដែលចែងថា «អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ» ហើយអំពើនេះក៏ត្រូវបានកំណត់ជាបទ ប្រមាថចំពោះអង្គព្រះមហាក្សត្រ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា ៤៣៧ ស្ទួន នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

សូមជំរាបថា មន្រ្តីជាន់ខ្ពស់ ព្រះសង្ឃ កងទ័ព និងប្រជាពលរដ្ឋទូទាំងប្រទេស នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានចេញប្រកាសថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះ ទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៉ី ដែលហ៊ានប្រមាថយ៉ាងធ្ងន់ធ្ងរលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋបុរសស្នេហាជាតិ និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជានុរាស្ត្រខ្មែរ។

អំពើប្រមាថរបស់ទណ្ឌិតជាប់ទោសក្បត់ជាតិ ចំពោះអង្គ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានេះ ទណ្ឌិតជាប់ទោស សម រង្ស៉ី ដាច់ខាតត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ដែលមិនអាចអត់ឱនឲ្យបានជាដាច់ខាត។