(កំពង់ចាម)៖ ក្រសួងផែនការបានរៀបចំវគ្គបណ្តុះបណ្តាលនេះមានរយៈពេល៤ថ្ងៃជាប់គ្នា គឺចាប់ពីថ្ងៃទី២៥ ដល់ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២២ ដោយចូលរួមពីគ្រូឧទ្ទេសនាមសំខាន់ៗ និងមានបទពិសោធន៍របស់នាយកដ្ឋានស្ថិតិ សង្គមកិច្ច នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ។

វគ្គបណ្តុះបណ្តាលស្តីពី «វិធីសាស្រ្តវិភាគនិងចងក្រងសូចនាករស្ថិតិសុខាភិបាល ដោយប្រើប្រាស់កម្មវិធី SPSS និងទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ច» រៀបចំឡើងដោយមានលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ តំណាងទេសរដ្ឋមន្ត្រី ឆាយ ថយ រដ្ឋមន្ត្រីក្រសួងផែនការ ដោយមានការចូលរួមពី លោក ប៊ិ ប៊ុនថា ប្រធានមន្ទីរផែនការខេត្តកំពង់ចាម, លោក ផន ចិន្តា អគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ, លោក គឹម ណេត ប្រធាននាយកដ្ឋានស្ថិតិសង្គមកិច្ច នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ, លោក ប៉ូ ម៉ៅ អនុប្រធាននាយកដ្ឋានស្ថិតិសង្គមកិច្ច នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ, លោក លោកស្រីមកពីមន្ទីរសុខាភិបាល និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមជាមួយនឹងសិក្ខាកាមជាច្រើនរូបផ្សេងទៀត។

វគ្គបណ្ដុះបណ្ដាលស្តីពី «វិធីសាស្រ្តវិភាគ និងចងក្រងសូចនាករ ស្ថិតិសុខាភិបាល ដោយប្រើប្រាស់កម្មវិធី SPSS និងទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ច» មានគោលបំណងសំខាន់គឺ ដើម្បីពង្រឹងសមត្ថភាពមន្រ្តីពាក់ព័ន្ធការងារចងក្រងស្ថិតិសុខាភិបាល និងមន្រ្តីតាក់តែងគោលនយោបាយផ្នែកសុខាភិបាល ស្វែងយល់ពីបទពិសោធន៍នៃការស្រាវជ្រាវសុខភាពសាធារណៈ ការប្រើប្រាស់ទិន្នន័យអង្កេតជាតិផ្នែកសុខាភិបាលជាពិសេសអង្កេតសេដ្ឋកិច្ច សង្គមកិច្ច ការចងក្រង ការវិភាគស្ថិតិសុខាភិបាល និងស្វែងយល់អំពីការចងក្រង និងវិភាគគណនីជាតិសុខាភិបាល។

លោក លេង ផាលី បានបញ្ជាក់ថា ខ្លឹមសារ នៃវគ្គបណ្ដុះបណ្ដាលនេះ គឺនៅ ថ្ងៃទី១ ផ្តោតទៅលើ មូលដ្ឋានគ្រឹះស្ថិតិ មានដូចជា វិធីសាស្រ្តគណនាភាគរយ គណនាចំនួនមធ្យម អាយុមេដ្យាន ផលធៀប ផលធៀបភេទ និងផលធៀបអាយុក្នុងបន្ទុក។ ថ្ងៃទី២ ផ្តោតទៅលើ មូលដ្ឋានគ្រឹះស្ថិតិផ្នែកសុខាភិបាល មានដូចជា អត្រាលទ្ធភាពបង្កើតកូនទូទៅ កូនកើតរស់ អត្រាលទ្ធភាពបង្កើតកូនសរុប អត្រាកំណើតចំពោះស្ត្រីនៅលីវ អត្រាប្រេវ៉ាឡង់ពន្យាកំណើត អត្រារលូតកូន ផលធៀបរំលូតកូន និងអត្រាមរណៈភាព។ ថ្ងៃទី៣ ផ្តោតទៅលើ ប្រព័ន្ធសុខាភិបាល និងការចងក្រងគណនីជាតិសុខាភិបាល (NHA) នៅប្រទេសកម្ពុជា ថ្ងៃទី៤ ផ្តោតទៅលើ ការប្រើប្រាស់កម្មវិធីវិភាគទិន្នន័យ SPSS ដោយប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា។

លោកបន្ថែមថា វគ្គបណ្ដុះបណ្ដាលដែលមានចរិកលក្ខណៈផ្សាភ្ជាប់ការងារជាក់ស្តែងបែបនេះ នឹងអាចជួយបង្កើននូវការយល់ដឹង និងជួយពង្រឹងសមត្ថភាពបន្ថែមទៀតដល់មន្រ្តីមន្ទីរផែនការខេត្តកំពង់ចាម និងមន្រ្តីរបស់ មន្ទីរជំនាញពាក់ព័ន្ធនៅក្នុងខេត្តកំពង់ចាម ស្តីពីប្រព័ន្ធសុខាភិបាលកម្ពុជា ការវិភាគស្ថិតិសុខាភិបាល ការប្រើប្រាស់ទិន្នន័យអង្កេតជាតិ ការចងក្រងគណនីជាតិសុខាភិបាល សុទ្ធសឹងជាទស្សនៈទានថ្មីៗ ដែលមន្រ្តីភាគច្រើនមិនធ្លាប់បានយល់ដឹងស៊ីជម្រៅ នៅក្នុងផ្នែកនេះនៅឡើយ។ វគ្គបណ្តុះបណ្តាលនេះក៏មានលក្ខណៈស៊ីជម្រៅផងដែរទៅលើស្ថិតិភិបាល នៃជម្ងឺ/របួស ការចំណាយថវិកាលើការថែទាំសុខភាព និងការព្យាបាលជម្ងឺ ការវិភាគអំពីការគាំពារហិរញ្ញវត្ថុក្នុងការទទួលបាន សេវាថែទាំសុខភាព ប្រភពនិងហិរញ្ញវត្ថុ ធានារ៉ាប់រង ជំនួយឧបត្ថម្ភ និងប្រាក់ហោប៉ៅ ។

ឆ្លៀតក្នុងឱកាសដ៏កម្រនេះ រដ្ឋលេខាធិការក្រសួងផែនការរូបនេះ ក៏បានស្នើដល់សិក្ខាកាមដែលចូលរួមវគ្គបណ្តុះបណ្តាលទាំងអស់ មេត្តាយកចិត្តទុកដាក់ឱ្យបានដល់កម្រិតខ្ពស់ ត្រងត្រាប់ស្តាប់ និងចូលរួមរៀនសូត្រឱ្យបានគ្រប់ៗគ្នា និងបានជាប់លាប់ ទៀងទាត់ទៅតាមកម្មវិធី ដែលបានរៀបចំ និងសូមសួរដេញដោលឱ្យបានសកម្ម តាមបទពិសោធន៍ការងារជាក់ស្តែងដែលបានជួបប្រទះជាមួយគ្រូឧទ្ទេសនាម។

លោកបានបញ្ជាក់បន្ថែមថា «ខ្ញុំសង្ឃឹម និងជឿជាក់ថា វគ្គបណ្ដុះបណ្ដាលដ៏មានអត្ថន័យនេះ នឹងទទួលបានលទ្ធផលល្អប្រសើរ នៃមន្ត្រីដែលបានទទួលការបង្ហាត់បង្រៀនផ្ទាល់ ពីសំណាក់គ្រូឧទ្ទេសនាមដែលមានបទពិសោធន៍មកពីនាយកដ្ឋានស្ថិតិសង្គមកិច្ច នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ។ លើសពីនេះទៅទៀត ខ្ញុំក៏សង្ឃឹមយ៉ាងមុតមាំថា ក្រោយពីការចូលរួមវគ្គបណ្តុះបណ្តាលនេះទៅ មន្រ្តីទាំងអស់នឹងប្រែក្លាយចំណេះដឹងដែលទទួលបាន ឲ្យទៅជាការអនុវត្តជាក់ស្តែងក្នុងការងារជំនាញដែលខ្លួនកំពុងទទួលខុសត្រូវ ជាពិសេសខិតខំប្រឹងប្រែងពង្រឹង និងអភិវឌ្ឍស្ថិតិសុខាភិបាល នៅថ្នាក់ក្រោមជាតិឱ្យកាន់តែមានសក្តានុពល សម្រាប់បម្រើជូនដល់អ្នកប្រើប្រាស់ទិន្នន័យគ្រប់ប្រភេទ និងគ្រប់កម្រិត»

លោកបន្ថទៀតថា «ក្នុងនាមថ្នាក់ដឹកនាំក្រសួងផែនការ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណដល់នាយកដ្ឋានស្ថិតិសង្គមកិច្ច នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ និងមន្ទីរផែនការខេត្តកំពង់ចាម ដែលបានសហការយ៉ាងល្អប្រសើរ ជាមួយមន្ទីរផែនការខេត្តកំពង់ចាម ដើម្បីធ្វើឱ្យវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នេះកើតមានឡើងនាពេលនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញាទាំងអស់ ដែលចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមពិធីបើកវគ្គបណ្តុះ បណ្តាលនាព្រឹកថ្ងៃនេះ និងចូលរួមពេញលេញនៅថ្ងៃបន្តបន្ទាប់ទៀត។ខ្ញុំសូមប្រកាសបើកវគ្គបណ្តុះបណ្តាល ចាប់ពីពេលនេះតទៅ»