(ភ្នំពេញ)៖​ នារីស្រវឹងម្នាក់ បើករថយន្តបុករបាំងដែកពុះចែកទ្រូងផ្លូវបាក់អស់៤ផ្ទាំង​ បណ្ដាលឱ្យរថយន្ដខូចទៅមុខលែងរួច​ តែសំណាងល្អគ្មានអ្នករងរបួស។

គ្រោះថ្នាក់ចរាចរណ៍នេះ​ កើតឡើងនៅម៉ោង២៖៥០នាទី រំលងអាធ្រាត្រ​ថ្ងៃទី១២ ខែមិថុនា​ ឆ្នាំ២០១៦នេះ​ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់កាកាបខណ្ឌពោធិសែនជ័យ​ រាជធានីភ្នំពេញ។

​មុនពេលកើតហេតុគេឃើញរថយន្ដម៉ាក​ Rav4 ពាក់ស្លាកលេខភ្នំពេញ 2B-0464 បើកបរដោយនារីម្នាក់ ស្រវឹងក្នុងទិសដៅពីកើតទៅលិច​ ដោយសារតែនារីជាអ្នកបើកបរស្រវឹង ក៏បានបើកជ្រុលចង្កូតទៅបុករបាំង ដែកពុះចែកទ្រូងផ្លូវបាក់អស់៤ផ្ទាំង និងបណ្ដាលឱ្យរថយន្ដខូច បើកទៅមុខលែងរួច​ តែសំណាងមិនមានណាម្នាក់រងគ្រោះឡើយ។

ក្រោយពេលកើតហេតុ​ រថយន្ដបង្កត្រូវបានសមត្ថកិច្ច​ ស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ក្រុងភ្នំពេញ​  ដើម្បីចាត់ការតាមនីតិវធី៕