(ភ្នំពេញ)៖ ក្រុុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ទៅកាន់មហាជន និងដៃគូរកសីុថា បើទោះបីជាមានការឃាត់លោក សឹង ប៊ុណ្ណា ដែលជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ក៏ដោយតែដំណើរប្រតិបត្តិរបស់ក្រុមហ៊ុនទាំងមូល បានប្រព្រឹត្តទៅជាធម្មតា ពោលមិនមានការប៉ះពាល់នោះទេ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦នេះ ដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃនេះ បានឲ្យដឹងថា «ក្រោយពីមានការឃាត់ខ្លួនជាបណ្តោះអាសន្ន ចំពោះប្រធានក្រុមប្រឹក្សាក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប ខូអិលធីឌី ធ្វើឲ្យមានការសួរដំណឹងពីអតិថិជន និងធនាគារជាដៃគូ អំពីស្ថានភាពរបស់ក្រុមហ៊ុន ... ក្រុមហ៊ុនយើងខ្ញុំ ដែលមានរចនាសម្ព័ន្ធ និងឋានុក្រមត្រឹមត្រូវ និងច្បាស់លាស់ក្នុងការបំពេញកិច្ចការ ដូច្នេះការឃាត់ខ្លួនប្រធានក្រុមប្រឹក្សាភិបាល មិនប៉ះពាល់ដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនឡើយ...»

សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមិថុនា លោក សឹង ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុនវាយតំលៃអចលនទ្រព្យ ប៊ុណ្ណា រៀលធី ត្រូវបានចាប់ខ្លួន ហើយតុលាការឃុំខ្លួន ដែលជាប់ពាក់ព័ន្ធនិងករណីចេញស្អុយ អត់ប្រាក់ឲ្យទៅម្ចាស់បំណុល។

មន្រ្តីតុលាការបានបន្តឲ្យដឹងថា នៅឆ្នាំ២០១៥ លោក សឹង ប៊ុណ្ណា បានខ្ចីប្រាក់ពីលោក កែវ ហ៊ុន ចំនួន៤០ម៉ឺនដុល្លារ ជាសាច់ប្រាក់សុទ្ធ។ លុះដល់ឆ្នាំ២០១៦នេះ លោក សឹង បុណ្ណា បានសងវិញតែជាសែក លុះដល់ម្ចាស់បំណុលទៅបើកប្រាក់ ស្រាប់តែខាងធនាគារប្រាប់ថា សែកនោះអត់មានសាច់ប្រាក់ទេ ទើបលោក កែវ ហ៊ុន ប្ដឹងតែម្ដង។

សូមជំរាបថា លោក សឹង ប៊ុណ្ណា បានបង្កើតក្រុមហ៊ុន​​ ប៊ុណ្ណា រៀលធី គ្រុប នៅរាជធានីភ្នំពេញក្នុងឆ្នាំ១៩៩៩។ លុះនៅឆ្នាំ២០១១ ធនាគារជាតិនៃកម្ពុជា បានទទួលការវាយតម្លៃផ្នែកអចនទ្រព្យកម្មសិទ្ធិរដ្ឋ​ នៅទូទាំងប្រទេស ក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប ក៏បានក្លាយជាអ្នកដេញថ្លៃ និងទទួលបានកិច្ចសន្យា វាយតម្លៃផ្នែកសុវត្ថិភាពជាផ្លូវការនាពេលនោះ។ អស់ជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប បានចាប់ដៃគូជាមួយធនាគារឈានមុខទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីរក្សាព្រមទាំងពង្រីកទំនាក់ទំនងអាជីវកម្ម ឱ្យកាន់តែប្រសើរឡើង៕