(កោះកុង)៖ កម្លាំងអាវុធហត្ថខេត្តកោះកុង បានបញ្ជូនខ្លូនមេក្លោងគ្រឿងញៀនម្នាក់ និងបក្ខពួក៣នាក់ទៀត ទៅតុលាការ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦នេះ។

លោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានឱ្យដឹងថា កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ កម្លាំងរបស់លោក បានធ្វើការបង្ក្រាបករណីជួញ​ដូរគ្រឿង​ញៀនមួយ នៅចំណុចភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។ លោកបានបន្ដថា ក្នុងប្រតិបត្តិការនេះដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការឃាត់បានជនសង្ស័យ៤នាក់ ទី១ ឈ្មោះ ដារ៉ូ ហៅម៉ាប់ អាយុ៤០ឆ្នាំ ជាមេក្លោងជួញដូរគ្រឿងញៀន ទី២ ឈ្មោះ សេង ហួរ អាយុ១៧ឆ្នាំ ទី៣ ឈ្មោះ ឈឿន ថា អាយុ២៩ឆ្នាំ និងទី៤ ឈ្មោះ ធាក់ ទុក អាយុ២៤ឆ្នាំ ព្រមទាំងដកហូតបាន​ថ្នាំញៀនប្រភេទ​មេតំហ្វេតា​មីន(ម៉ាទឹកកក)៤៨កញ្ចប់ យ៉ាម៉ា(WY)១០៣៨គ្រាប់ អាវុធខ្លីម៉ាកK59 មួយដើម គ្រាប់១៤គ្រាប់ សំបកអូប័រ ​(ហៅមាន់ចែ)១គ្រឿង ម៉ាស៊ីន១២សេស១គ្រឿង ទូរស័ព្ទដៃ៥គ្រឿង គ្រឿងជញ្ជីង​ថ្លឹងថ្នាំញៀនចំនួន២ ម៉ូតូ១គ្រឿង និងឧបករណ៍ប្រើប្រាស់ជាច្រើនទៀត។

បច្ចប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបានបញ្ជូនខ្លូនទៅសាលាដំបូងខេត្តកោះកុង ដើម្បីចាត់ការតាមនីតិវិធី៕