(ភ្នំពេញ)៖ តារាចម្រៀងសំឡេងស្រួយបង្កប់ដោយមន្ត​ស្នេហ៍រយពាន់ កញ្ញា សុខ ពិសី នៅថ្ងៃសៅរ៍នេះ បានបញ្ចេញសាររបស់នាងតាមរយៈ Fresh News និង Khmertalking ដើម្បីជាការផ្ដល់​កម្លាំងចិត្តដល់តារាចចម្រៀង វ៉ាន់ នីឡា ដែលត្រូវបានជនអនាមិក ទម្លាយរូបស្រាតជាបន្តបន្ទាប់ បើទោះបីជានាង ជាតារាចម្រៀង មិនមែនរស់ក្នុងទ្រនំផលិតកម្មជាមួយគ្នាក្ដី។ កញ្ញា សុខ ពិសី បានសរសេរសាររបស់នាងនៅថ្ងៃនេះថា «ទោះយើងមិនមែនតារារួមផលិតកម្ម ហើយយើងមិនធ្លាប់ស្គាល់គ្នាពីមុនមកក្ដី​ តែបងគ្មានអ្វីក្រៅពីពាក្យថា ​រឹងមាំណាអូន..!»។  ​

សូមជំរាបថា អ្នកសិល្បៈល្បីៗមួយចំនួន បានសម្ដែងក្ដីអាណិតអាសូរ ចំពោះតារាចម្រៀង ​វ៉ាន់ នីឡា ដែលត្រូវជនអនាមិក ទម្លាយរូបស្រាត និងទទូចសុំឲ្យអ្នកលេងបណ្ដាញសង្គមទាំងអស់ មេត្តាបញ្ឈប់ការចែកចាយរូបភាពទាំងនេះតទៅទៀត។

សូមបញ្ជាក់ថា នៅថ្ងៃនេះ​អ្នកនាង ចន ច័ន្ទលក្ខិណា បាន​ប្រកាសថា អ្នកនាង​នឹងត្រៀមផ្ដល់មេធាវីការពារក្ដី ដោយឥតគិតថ្លៃដល់តារាចម្រៀង វ៉ាន់ នីឡា ដែលកំពុងទទួលរងគ្រោះ ដោយសារជនអនាមិក​ទម្លាយរូបអាក្រាត ពេញបណ្ដាញសង្គម Facebook។ ការផ្ដល់មេធាវីដោយឥតគិតថ្លៃនេះ ធ្វើឡើងក្រោមការងារ ​របស់សមាគមថ្មី មានឈ្មោះថា «សមាគម​អ្នកគាំពារសិល្បៈ​» ដែលនឹងដាក់សំណើរ ទៅកាន់ក្រសួងមហាផ្ទៃ ជាផ្លូវការ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ ។

Fresh News និង Khmertalking សូមរក្សាសិទ្ធិ មិនបញ្ចេញរូបស្រាតទាំងអស់នេះឡើយ ដើម្បី​រក្សានូវកិត្តិយស សេចក្ដីថ្លៃថ្នូរ និងកេរ្តិ៍ឈ្មោះរបស់នាង ក្នុងនាមជាស្រ្តីខ្មែរ និងជាតារាចម្រៀង​ល្បីម្នាក់៕

ការបែកធ្លាយរូបអាក្រាតជាច្រើនប៉ុស្ដិ៍ និងជាបន្តបន្ទាប់បែបនេះ គឺបានកើតឡើងបន្ទាប់ពីរូបនាងផ្ទុះជម្លោះ និងចែកផ្លូវគ្នាជាមួយអតីតសង្សារ​ ដែល​ត្រូវប្រភពព័ត៌មានមួយចំនួនបង្ហើបឲ្យដឹងថា​ឈ្មោះ សិទ្ធិ ស័កិ្ត ​អាយុ២៦ឆ្នាំ មាន​តួនាទី​ជា​ប៉ូលិស​ស័ក្ដិ​បួន​កន្លះ និងត្រូវជាកូនមន្រ្តីប៉ូលិសពាក់ផ្កាយ៣ ដ៏មានអំណាចមួយរូប បម្រើការងារក្នុងក្រសួង​មហាផ្ទៃ។ ចំពោះរូបអាក្រាត ដែលបានបែកធ្លាយជាបន្តបន្ទាប់នេះ ត្រូវបានម្ចាស់សាមីខ្លួន គឺកញ្ញា វ៉ាន់ នីឡា សង្ស័យថា អតីតសង្សាររបស់នាងជាអ្នកទម្លាយ ព្រោះមានតែរូបគេម្នាក់​ទេ ដែលមានរូបអាក្រាត របស់នាងនៅក្នុងដៃ ពេលពួកគេទាំងពីរ នៅល្អូកល្អឺននឹងគ្នា៕