(ភ្នំពេញ)៖ លោកវរសេនីយ៍ត្រី ចាន់ ពៅ អធិការរងទទួល ផែនសេនាធិការខណ្ឌឫស្សីកែវ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា កម្លាំងនៃអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវបាន​ដាក់គោលដៅ​យាមល្បាតសហការ និងកម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍ទួលសង្កែ រហូតឃាត់ខ្លួន ជនត្រូវសង្ស័យប្រុសស្រី​ចំនួន២នាក់ដោយ​រកឃើញដកហូតថ្នាំញៀន​ចំនួន១កញ្ចប់​និងម៉ូតូ១គ្រឿង​កាលពីវេលាម៉ោង​៣៖៣០នាទីទាបភ្លឺ ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៦ នៅចំ ណុចតាមបណ្ដោយផ្លូវបេតុងលេខ៩០៧កែងផ្លូវលេខ៦២R ស្ថិតក្នុងក្រុម៦ ភូមិទួលសង្ក សង្កាត់ទួលសង្ក ខណ្ឌឫស្សីកែវ ។

លោកវរសេនីយ៍ត្រី ចាន់ ពៅ បានបន្តទៀតថា បន្ទាប់ពីកម្លាំងនគរបាល មូលដ្ឋានប៉ុស្ដិ៍និងខណ្ឌឫស្សីកែវបន្ត​យាមល្បាតក្នុង​ភូមិសាស្ត្រ​របស់ខ្លួន​ក្នុងពេលរាត្រី បានដាក់ការសង្ស័យទៅលើ យុវជន​ស្រី​ប្រុស​​២នាក់ដែលបានជិះ​បើកម៉ូតូ១គ្រឿងទើប​ធ្វើការឃាត់ឆែកឆេររកឃើញ​ដកហូតថ្នាំញៀន​១កញ្ចប់សង្ស័យជា​ម៉ាទឹកកកដែលជន​ទាំងនេះបានរក្សា​ទុកធ្វើសកម្មភាពប្រើប្រាស់​ជាមួយគ្នារួមទាំង​ដក​ហូតម៉ូតូ១គ្រឿងម៉ាកDUKពណ៌​សពាក់ស្លាកលេខ​ភ្នំពេញ១FG៨០២២​ដែលជនត្រូវជាប់​សង្ស័យជិះធ្វើសកម្មភាពផងដែរ ។

លោក ចាន់ ពៅ បានបញ្ជាក់ថា បច្ចុប្បន្ន ជនត្រូវជាប់ សង្ស័យពាក់ព័ន្ធគ្រឿង​ញៀនទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបញ្ជូនទៅឃុំខ្លួន​សាកសួរបណ្ដោះ​អាសន្ននៅអធិការដ្ឋាន​នគរបាលខណ្ឌ​ឫស្សីកែវ ដើម្បីបន្តនិតិវិធី​របស់អយ្យការសា លាដំបូងរាជធានីភ្នំពេញ ៕