(ពោធិ៍សាត់​)៖ លោក ខូយ​ រីដា​ អភិបាលរងខេត្ត​ តំណាង​ លោក​ ម៉ៅ​ ធនិន​ អភិបាលខេត្ត​ និង​ លោក​ ម៉ៅ​ សាន​ សមាជិកក្រុម​ប្រឹក្សាខេត្ត​ តំណាង​ លោក​ ខូយ​ សុខា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានដឹកនាំមន្រ្តី សិស្សានុសិស្ស​ និង​ ប្រជាពលរដ្ឋក្នុងខេត្ត​ប្រមាណ​ ៦០០នាក់​ ប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា នៅលើបុរីវប្បធម៌កោះសំពៅមាស​ ស្ថិតនៅក្នុងភូមិពាលញែក២​ សង្កាត់ផ្ទះព្រៃ​ ក្រុងពោធិ៍សាត់់​ ខេត្តពោធិ៍សាត់​ នាថ្ងៃទី១០​ ខែមិថុនា ឆ្នាំ២០១៦នេះ។

លោក ខូយ​ រីដា​ បានថ្លែងថា ទិវាបរិស្ថាន ដែលរៀបចំឡើងក្រោមប្រធានបទ (ចូលរួមទាំងអស់គ្នា ដើម្បីពិភពលោកស្រស់ស្អាត) ក្នុងគោលបំណងបំផុសស្មារតីប្រជាពលរដ្ឋ​ ឲ្យយកចិត្តទុកដាក់ទៅលើការថែរក្សាបរិស្ថាន ដែលជាបញ្ហាសកលលោក​ កំពុងយកចិត្តទុកដាក់ខ្ពស់។

លោកអភិបាលរងខេត្ត​ បានបញ្ជាក់ថា ដើម្បីធានាបានកិច្ចការពារ បរិស្ថាន រួមទាំងធនធានធម្មជាតិ ឲ្យកាន់តែប្រសើរឡើង មានសោភណភាព ក្លាយជាទីក្រុងបៃតង គឺគ្រប់អ្នកពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន មន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ច​ វិស័យឯកជន សិស្សនិស្សិត យុវជន និងដៃគូអភិវឌ្ឍន៍ទាំងអស់ ត្រូវរួមចំណែកក្នុងចលនាការពារគុណភាពបរិស្ថាន និង ធនធានធម្មជាតិក្នុងខេត្ត ហើយរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវជំរុញ និងបំផុសចលនាប្រជាពលរដ្ឋចូលរួមធ្វើពលកម្មសម្អាតផ្ទះសម្បែង ដីឡូត៍ ភូមិស្ថានរបស់ខ្លួន ឲ្យបានស្អាត ព្រមៗគ្នា ដើម្បីធានាបានបរិស្ថានអនាម័យល្អ និងសុខុមាលភាពសាធារណៈ​។​

ក្នុងឱកាសនោះ​ មន្ទីរបរិស្ថានខេត្ត​ ក៏បានរៀបចំកីឡារត់ម៉ារ៉ាតុន​ មានចម្ងាយ​ ៦គីឡូម៉ែត្រ ដើម្បីអបអរសាទរ ទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក ក្រោមប្រធានបទ (ចូលរួមទាំងអស់គ្នា ដើម្បីពិភពលោកស្រស់ស្អាត) ដែលមានអ្នកចូលរួ​ម​ជាង​ ៨០នាក់ផងដែរ​៕