(ភ្នំពេញ)៖ ដូចការព្យាករណ៍កន្លងមក បើពេលណាហើយដែល សម រង្ស៊ី រត់ចោលស្រុក គឺគណបក្សសង្គ្រោះជាតិ នឹងត្រូវខ្ទេច។ ឥឡូវ គណបក្សនេះត្រូវខ្ទេចពិតមែនក្រោមស្នាដៃរបស់ កឹម សុខា។ បក្សទាំងមូលត្រូវអាប់ឱនដោយសារខ្វះលក្ខណៈសម្បត្តិដឹកនាំ ដោយសារតែមាយាទ និង ដោយសារតែអំពើអសីលធម៌សង្គមរបស់បុគ្គល កឹម សុខា ។

បើប្រៀបធៀបលក្ខណៈសម្បត្តិបុគ្គល២នាក់ គឺ សម រង្ស៊ី និង កឹម សុខា៖

១៖ លោក សម រង្ស៊ី ជាមនុស្សអាត្មានិយម មិនស្តាប់គេឯង មានភាពពិសពុលក្នុងនយោបាយដោយគំនុំឈាមឪពុក ក៏ប៉ុន្តែលោក សម រង្ស៊ី មិនទាន់លេចឮរឿងអាស្រូវស្មោកគ្រោកដូច កឹម សុខា នោះទេ ។

២៖ កឹម សុខា ជាមនុស្សឱកាសនិយម សម្ភារៈនិយម បុគ្គលនិយម ហើយចុងក្រោយនេះចេញចរិតថោកទាប ដោយសារតែអំពើអសីលធម៌ផ្លូវភេទ ហើយដើម្បីបិទបាំងរឿងដ៏ខ្មាសអៀននេះ កឹម សុខា រហូតហ៊ានបង្ខំយកបក្សប្រឆាំងទាំងមូលប្រើជាឧបករណ៍ទ្រនាប់បិទបាំងរឿងអាម៉ាស់របស់បុគ្គលខ្លួន ដែលទង្វើនេះប្រៀបដូច ជាការជ្រមុជបក្សប្រឆាំងទាំងមូលឲ្យលិច និងធ្វើឲ្យសមាជិកនានារបស់បក្សត្រូវអាប់ឱនជាទីបំផុត។

គិតចាប់តាំងពីពេលដែលគណបក្ស សម រង្ស៊ី SRP និងគណបក្សសិទ្ធិមនុស្ស HRP រួមបញ្ចូលគ្នា ជាគណបក្សសង្គ្រោះជាតិ គឺមានអាយុត្រឹមជិត៤ឆ្នាំប៉ុណ្ណោះ។ គេគួរទទួលស្គាល់ថា ឆ្នាំ២០១៦ ជាឆ្នាំដ៏ចង្រៃបំផុតរបស់បក្សសង្គ្រោះជាតិ និងជាឆ្នាំដែលបក្សទាំងមូលភ្ញាក់ខ្លួនដោយទទួលស្គាល់ថា បក្សទាំងមូលត្រូវខ្ទេចក្រោមស្នាដៃ កឹម សុខា ខណៈពេលដែល សម រង្ស៊ី កាន់តែឃ្លាតឆ្ងាយទៅ ។

តើលោក សម រង្ស៊ី ស្ងប់ចិត្តនឹងទុកឲ្យ កឹម សុខា បំផ្លាញបក្សមួយដែលគាត់ខិតខំកសាងជាង២០ឆ្នាំ មកនេះទេ ? ចម្លើយគឺច្បាស់ណាស់ សម រង្ស៊ី លែងទុកចិត្ត កឹម សុខា ទៀតហើយ ហើយក៏មិនបន្តបណ្តោយឲ្យ កឹម សុខា កម្ទេចបក្សសង្គ្រោះជាតិនេះតទៅទៀតដែរ។ អ្នកដទៃទៀត ក៏គេមិនគាំទ្រដែរ។

តើ សម រង្ស៊ី នឹងទុកឲ្យមនុស្សក្នុងកូតារបស់ កឹម សុខា ដឹកនាំបក្សនេះវិញ ? អាចថា ពិបាកឆ្លើយ ! តែងាយយល់ពីព្រោះនៅក្នុងគណបក្ស សង្គ្រោះជាតិមានពីរខ្សែធំគឺ៖ ខ្សែ សម រង្ស៊ី និង ខ្សែ កឹម សុខា។ ខ្សែធំពីរនេះ សុទ្ធតែមានសាច់ញាតិរៀងៗខ្លួន ។ សម រង្ស៊ី គឺមានលោកស្រី ជូឡុង សូមួរា ជាប្រពន្ធ នៅជាប់ជានិច្ច ចំណែកឯ កឹម សុខា ក៏មានកូនស្រីរបស់ខ្លួននៅជាប់ជាមួយដែរ។ ក្រៅពីខែ្សធំពីរនេះ ដែលទុកចិត្តតែសាច់ញាតិផ្ទាល់ខ្លួន ក៏នៅមានខ្សែតូចៗឯទៀតទៀតដែរ ដែលមានសម្ព័ន្ធភាព ជាប្តីប្រពន្ធ ជាសាច់ថ្លៃ ឬបងប្អូនបង្កើតនឹងគ្នានៅក្នុងបក្ស ដែលអ្នកទាំងអស់នេះ សុទ្ធតែរកឱកាសនិង ការពារផលប្រយោជន៍បក្ខពួករៀងៗខ្លួន។

គេបាននាំគ្នាជជែកថា ត្រូវឲ្យ ប៉ុល ហំម ធ្វើជាប្រធានស្តីទី ដើម្បីឲ្យ កឹម សុខា ដកឃ្លាមួយរយៈ ។ តើ ប៉ុល ហំម ជានរណា ? ប៉ុល ហំម ជាមនុស្សរបស់ កឹម សុខា ។ ដូច្នេះការគិតនេះមិនឆ្លុះបញ្ចាំងគំនិត សម រង្ស៊ី ទេ ។ សម រង្ស៊ី មិនអនុញ្ញាតឲ្យខ្សែ កឹម សុខា បំផ្លាញបក្សគាត់ទៀតទេ។ ទង្វើ កឹម សុខា គ្រប់គ្រាន់ហើយ។

ការបញ្ចេញឈ្មោះ ប៉ុល ហំម គ្រោងតែងតាំងជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ គឺគ្រាន់តែជា ការតេស្តសាកល្បងជំហរ សម រង្ស៊ី ប៉ុណ្ណោះ ហើយក៏ជាការ សាកល្បងក្រុមមនុស្សសំខាន់ៗក្នុងកូតា សម រង្ស៊ី ផងដែរ។ ឧទាហរណ៍បើបង្ខំសម្រេចដាក់ ប៉ុល ហំម ដែលជាខ្សែ កឹម សុខា ឲ្យដឹកនាំបក្សនោះគ្រាប់បែក ហិង្សានឹងផ្ទុះកណ្តាលបក្សនេះភ្លាម៖ តើមនុស្សកូតា សម រង្ស៊ី ឯទៀតមានដូចជា យឹម សុវណ្ណ, អេង ឆៃអ៊ាង, សុន ឆ័យ, គង់ គាំ… ជាដើម គឺជាមនុស្សគ្មាន បានការឬ? ពួកគេនឹងមិនសុខចិត្តទេ។ ហើយបើជ្រុលតែ ធ្វើរបៀបបក្សប្រហារទៅហើយ នោះច្បាស់ជាមានពាក្យព្រលយថា «យក ធម្មិកោ ដឹកនាំតែម្តងទៅ ឲ្យវាឆាប់រលាយ!»។

ជារូបភាពខាងក្រៅ គឺគេខិតខំបំប៉ោងថា គណបក្សសង្គ្រោះជាតិ ត្រូវគេព្យាយាមបំបែកបំបាក់ កម្ចាត់ កម្ចាយ។ កុំបន្ទោសអ្នកណា កុំចង្អុលអ្នកណា! តែធាតុពិត គឺគ្មាននរណា ក្រៅពី កឹម សុខា នេះឯង ដែលជាអ្នកបំផ្លាញបក្សឲ្យខ្ទេចខ្ទី !

ល្មមដល់ពេលដែល ខ្ញុំគួរតែបង្ហាញពី «កលល្បិចរបស់ កឹម សុខា ក្នុងមហិច្ឆតាត្របាក់បក្សសង្គ្រោះជាតិ និងដណ្តើមការដឹកនាំបក្សពី សម រង្ស៊ី ហើយ»! តើនោះជាអ្វី ? ខ្លឹមសារ និងសកម្មភាព ដែលខ្ញុំបានដឹងតាមរយៈប្រភពផ្ទៃក្នុងរបស់ គណបក្សសង្គ្រោះជាតិ មានដូចតទៅ ៖

១៖ ផ្ទៃក្នុងបក្សអ្នកណាៗ ក៏គេដឹងថា កឹម សុខា ជាមនុស្សសួនតួ ឱកាសនិយមមានកលល្បិច និងមានមហិច្ឆតាតាំងពីដើមមក គឺមិនត្រឹមតែចង់ឈរ ស្មើដៃជាមួយ សម រង្ស៊ី នោះទេ។ កឹម សុខា ចង់ដឹកនាំបក្សប្រឆាំងទាំងមូលតែម្តង។ ដូច្នេះហើយ ក្នុងលក្ខខណ្ឌនៃការរួមបញ្ចូលបក្សទាំងពីរគឺ កឹម សុខា ដែលមានតែ ៣កៅអី បានទាមទារចែកអំណាច និងកូតាមនុស្សដឹកនាំស្មើជាមួយ សម រង្ស៊ី ដែលមាន ២៦កៅអី រហូតបានសម្រេច។

២៖ នៅពេល សម រង្ស៊ី រត់ចេញទៅក្រៅប្រទេសគឺ កឹម សុខា ខិតខំប្រមូលអំណាចដឹកនាំបក្ស ហើយក្រោយមកបានធ្វើជាប្រធានក្រុមភាគតិច ដើម្បីជាតំណាង គណបក្សសង្គ្រោះជាតិ និងដើម្បីបានតម្លើងកម្រិតធ្វើជាដៃគូរសន្ទា ស្មើជាមួយគណបក្សប្រជាជនកម្ពុជា។ ល្បិចកល កឹម សុខា គឺព្យាយាម ក្រសោបការដឹកនាំក្នុងបក្សប្រឆាំង លើកមុខខ្លួនឯង ដើម្បីឲ្យគេឈប់និយាយពីឈ្មោះ សម រង្ស៊ី ។ ប៉ុន្តែចៃដន្យអី រឿងអាស្រូវផ្លូវភេទបែកធ្លាយ ក៏ធ្វើឲ្យ កឹម សុខា ត្រូវរកសេនារីយោថ្មីទៀត។

៣៖ តើអ្វីជាសេនាយោថ្មីបន្ត ដើម្បីបម្រើមហិច្ឆតាក្តាប់យកប្រឆាំងបន្តទៀត ? នោះគឺការពង្រីករឿងតូចឲ្យទៅជារឿងធំ ហើយប្រែក្លាយបញ្ហានិង ផលប្រយោជន៍បុគ្គលឲ្យទៅជាចំណងគណបក្ស។ ល្បិចកលលើគោករបស់បុគ្គលសួនតួ កឹម សុខា ដើម្បីបិទបាំងភាពអាម៉ាស់ និងមហិច្ឆតាខ្លួន គឺមានដូចតទៅ៖

អ្នកច្បាប់ខាងក្នុងបក្សបានឲ្យយោបល់ កឹម សុខា ថា៖ ករណីធ្វើជាសាក្សី ហើយបើត្រឹមទៅឆ្លើយនៅតុលាការ គឺមិននាំទុក្ខ ហើយក៏គ្មានអ្នកណាចាប់ចងទេ។ បើគេចង់ចាប់ គឺគេចាប់យូរហើយ ។ កឹម សុខា ក៏ដឹងរឿងនេះដែរ។ ផ្ទុយទៅវិញ កឹម សុខា ប្រែក្លាយបញ្ហានេះ ក្នុងប្រយោជន៍មួយទៀត។ គាត់ឲ្យមេធាវីធ្វើឯកសារគាំទ្រជំហរគាត់ មិនចូលតុលាការ។ ការពិតនៅពីក្រោយផែនការរបស់ កឹម សុខា គឺគាត់ព្យាយាមពង្រីករឿង បង្កើតរឿងថ្មីៗបន្ថែម ដើម្បីកុំឲ្យគេនិយាយតែមួយរឿងគឺ «រឿងអាស្រូវផ្លូវភេទដ៏អាម៉ាស់របស់គាត់» ។

ដូច្នេះរឿង កឹម សុខា ងាយយល់សោះរឿងរបស់គាត់រួមមាន៖ រឿងអាស្រូវគាត់ រឿងគាត់មិនចង់ទទួលខុសត្រូវ រឿងគាត់ចង់បង្វែរមតិហាជន រឿងគាត់ចង់បោកប្រាសគណបក្ស និងរឿងគាត់ចង់បោកប្រាស់អន្តរជាតិ។ ដូច្នេះហើយក្នុងសេនារីយោថ្មីដែល កឹម សុខា បង្កើតឡើងគឺចង់ឲ្យគេឃើញ រូបភាពថា៖ តុលាការគៀបសង្កត់ អាជ្ញាធរគំរាមកំហែង រំលោភសិទ្ធិនយោបាយ បំពានអភ័យឯកសិទ្ធិ និងទាមទារការចាប់អារម្មណ៍ពីបរទេស… តែធាតុពិត ជាឆាកល្ខោនរបស់ កឹម សុខា កុំឲ្យគេនិយាយរឿងអាស្រូវផ្លូវភេទតែមួយគត់។ តែទប់មិនជាប់ទេ អ្នកណាៗក៏គេនិយាយដែរ «អារឿង ២ថ្ងៃ ១០ដង» Sic! ។

៤៖ តើគាត់់បោកប្រាស់មហាជន និងអ្នកគាំទ្រអ្វីខ្លះទៀត? គឺផ្ទះមិននៅរត់ទៅជ្រកនៅក្នងគណបក្ស ! មើលមួយភ្លេតដូចមែនទែន ។ តែនេះជាកលល្បិចរបស់ កឹម សុខា ម្តងទៀត គ្រាន់តែវាមិនងាយ ដូចគាត់ធ្លាប់បោកនារីភេទនោះទេ ។ អ្វីដែល កឹម សុខា ទៅឃុំខ្លួនឯងនៅក្នុងស្នាក់ការគណបក្ស គឺដើម្បីប្រាប់គេថា «គាត់គឺ អ៊ុងសាង ស៊ូជី កម្ពុជា!» ដែលកន្លងមក សម រង្ស៊ី ក៏ធ្លាប់ចង់តាំងខ្លួនដូច្នេះដែរ ។ ហាស ចង់តែសើចឲ្យរយះមាត់ ! ដើរឌីតស្រីៗសោះ មកក្លែងខ្លួនជា អ្នកទោសមនសិកា ផេះស្អី Sic!? អញ្ចឹងហើយបានជាគេសង្កេតឃើញថា អ្នកគាំទ្របាត់ជំនឿ ។ អ្នកដែលមកហែរហម កឹម សុខា គឺរបេះរប៉ោះ មានចំនួនតិចតួច ។ នេះក៏ដោយសារគេយល់ច្បាស់ថា កឹម សុខា មិនមែនជាវីរបុសគណបក្ស ដូចដែលគាត់ខំក្លែងខ្លួននោះទេ តែគ្រាន់ជាបុរសល្មោភកាមម្នាក់ប៉ុណ្ណោះ។ ចំពោះមនុស្សនៅខាង សម រង្ស៊ី ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ក៏មិនរវល់ដែរ ដោយសារហេតុផលវាមិនសម ។ ដល់តែគេមិនគាំទ្រ និងយល់ដឹងពីគំនិតលេបបក្សនេះ ឥឡូវលេចលឺពីខាងក្នុងថា បើអ្នកណាមិនធ្វើតាមគំរាមដកតួនាទី។ នេះគឺជាអំពើថោកទាប និង កលល្បិចរបស់ កឹម សុខា ក្នុងការព្យាយាមលេបបក្សសង្គ្រោះជាតិទាំងមូលដែល សម រង្ស៊ី ខិតខំកសាងជាង២០ឆ្នាំមកនេះ។

ដូច្នេះអ្វីដែលបំផុសពាក្យ «កំដៅនយោបាយ» គឺវា «ក្តៅ» អញ្ចឹងមែន! គឺវាកំពុងក្តៅក្នុងបក្សសង្គ្រោះជាតិ ដោយសារមហិច្ឆតា និងកលល្បិចលេបបក្ស។

មហាជនក៏បានយល់កាន់តែច្បាស់ អ្វីជាបញ្ហាបុគ្គល និង អ្វីជាបញ្ហាពិតប្រាកដរបស់បក្សសង្គ្រោះជាតិ។ ទោះបីមានបរទេសខ្លះ ខំនិយាយជួយបិទបាំងរឿងអាស្រូវផ្ទៃក្នុង របស់បក្សនេះ ក៏ប៉ុន្តែស្ថានភាពគណបក្សសង្គ្រោះជាតិ ក្រោមស្នាដៃ កឹម សុខា គឺប្រៀបដូចជាខ្លែងដាច់ខ្សែ ដែលត្រូវតែធ្លាក់ចុះមក ដីវិញ ហើយនឹងរលាយ៕

ដោយ៖ សេនាជាតិ