(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញផ្តល់ស្រូវពូជជាង ៥០០តោន ជូនប្រជាកសិករជាង ៥ពាន់គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់។

ជំនួបជាមួយកសិករចំខួប៣១ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០២២) នាថ្ងៃនេះ ក្រៅតែពីផ្តល់ស្រូវពូជហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានរៀបចំកញ្ចប់ស្បៀងអាហារ និងថវិកាជូនដល់ប្រជាកសិករ ដើម្បីដោះស្រាយការលំបាកនៅក្នុងជីវភាពផងដែរ។

ខេត្តបន្ទាយមានជ័យជាខេត្តមួយនៅពាយព្យប្រទេស ដែលបានរងការជនលិចធ្ងន់ធ្ងរដោយសារទឹកជំនន់ក្នុងរដូវវស្សាឆ្នាំនេះ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់ពីប្រទេសថៃផងនោះ បានធ្វើឱ្យប៉ះពាល់ក្រុង/ស្រុកចំនួន៨ រួមមាន៖ ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ ស្រុកអូរជ្រៅ ស្រុកថ្មពួក និងស្រុកម៉ាឡៃ។

ទឹកជំនន់នេះបង្កឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន ១៥,៥០៦គ្រួសារ ស្មើនឹងប្រមាណ ៦៥,៦៨៨នាក់ ស្រី ៣៣,៥៨៤នាក់ ជម្លៀស ៨២១គ្រួសារ មនុស្សរាយ ៣,២៦៧នាក់ ស្រី១,៧៧៨នាក់ កុមារ ៦៥២នាក់ លង់ទឹកស្លាប់ ៤នាក់ ប៉ះពាល់ស្រូវ ៣៦,០៥៩ហិកតា ដំឡូងមី ២,៨៩៩ហិកតា ដំណាំរួមផ្សំ ១២៨ហិកតា សត្វពាហនៈ ២,៨៦៧ក្បាល សាលារៀន៧៥ វត្ត៣៨ មណ្ឌលសុខភាព៧ និងផ្លូវ ៨០២កន្លែង មានប្រវែង ៤០៦,២៩៥ម៉ែត្រ។

ជាមួយនឹងការកើតមានគ្រោះមហន្តរាយនេះ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្ត បានធ្វើសកម្មភាបសស្រាក់សស្រាំចុះជួយជម្លៀសប្រជាពលរដ្ឋចេញពីការជន់លិច និងជួយដោះស្រាយបញ្ហាផ្សេងៗ។

ជាមួយគ្នានេះ លោក អ៊ុំ រាត្រី និង លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បានចុះសំណេះសំណាល និងចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ជូនប្រជាពលរដ្ឋដែលប៉ះពាល់ដោយសារទឹកជំនន់ជាបន្តបន្ទាប់ផងដែរ។

លោក អ៊ុំ រាត្រី បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ លោកបានចុះសំណេះសំណាល និងផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះបានប្រមាណ ៤,៦៤៨គ្រួសារ។

សូមបញ្ជាក់ថា ក្រៅតែពីការផ្តល់ស្រូវពូជជនដល់កសិករនៅខេត្តបន្ទាយមានជ័យហើយនោះ នៅថ្ងៃបន្តបន្ទាប់សម្តេចតេជោ នឹងអញ្ជើញទៅកាន់ខេត្តបាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំងផងដែរ ដើម្បីចែកស្រូវពូជ និងស្បៀងអាហារជូនពលរដ្ឋរងគ្រោះ៕