(ពោធិ៍សាត់)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រី បានចូលរួមអធិបតីភាពក្នុងឱកាសរៀបចំមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥ «មរតករស់នៃអក្សរសិល្ប៍» នារាត្រីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ នៅវិទ្យាល័យពោធិ៍សាត់ ព្រមទាំងបានស្នើឱ្យមានការរៀបចំមហោស្រពនេះជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់តម្លៃនៃអក្សរសិល្ប៍ខ្មែរកាន់តែរឹងមាំបន្តទៅមុខទៀត។

មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥នេះប្រព្រឹត្តទៅពីថ្ងៃទី២១-២៣ ខែតុលា ឆ្នាំ២០២២ ដែលធ្វើឡើងក្នុងគោលបំណងរំលឹកដឹងគុណ និងឆ្លុះបញ្ចាំងពីគុណតម្លៃរបស់អ្នកនិពន្ធដែលនៅរស់រានមានជីវិតក្រោយរបបប៉ុលពត។ មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥នេះដែរ មានទស្សនីយភាពសម្ដែងសិល្បៈ របាំបេះក្រវាញ និងរបាំក្ងោកខេត្តពោធិ៍សាត់ ល្ខោននិយាយរឿងថៅកែចិត្តចោរ។

នាឱកាសនោះ លោក ខៀវ កាញារីទ្ធ បានឱ្យដឹងថា អ្នកនិពន្ធជើងចាស់ទាំងនោះបានរួមចំណែកយ៉ាងសម្បើមក្នុងការជួយផ្សព្វផ្សាយចំណេះដឹង ផ្ដល់ការកម្សាន្ដដល់ពលរដ្ឋក្នុងសង្គម ហើយបានផ្សារភ្ជាប់អក្សរសិល្ប៍ជំនាន់មុន និងជំនាន់ក្រោយ ជាពិសេសបានដើរតួជាអ្នកជំរុញលើកទឹកចិត្តដល់អ្នកនិពន្ធជំនាន់ក្រោយឱ្យអភិវឌ្ឍវិស័យអក្សរសិល្ប៍ខ្មែរកាន់តែរីកចម្រើន។

លោករដ្ឋមន្ត្រីថ្លែងថា «គុណតម្លៃទាំងនេះគួរត្រូវបានលើកតម្កើងគោរព និងចងចាំពីសំណាក់ប្រជាពលរដ្ឋ ពីអ្នកនិពន្ធដូចគ្នា អ្នកអាន និងស្ថាប័នពាក់ព័ន្ធនានា»។

លោករដ្ឋមន្ត្រីបានបន្តទៀតថា មហោស្រពអក្សរសិល្ប៍ខ្មែរបានចាប់បដិសន្ធិតាំងពីឆ្នាំ២០១៧ ក្នុងគោលបំណងបណ្តុះស្មារតីអក្សរសិល្ប៍ជាតិ លើកកម្ពស់កិត្តិយស និងគុណតម្លៃរបស់អ្នកនិពន្ធ និងបង្កើនឱកាសទំនាក់ទំនង ពង្រីកវិសាលភាពទីផ្សារដល់អ្នកនិពន្ធ។

ជារៀងរាល់ឆ្នាំ មហោស្រពអក្សរសិល្ប៍ខ្មែរតែងតែផ្លាស់ប្ដូរពីខេត្តមួយទៅខេត្តមួយ ដោយលើកយកប្រធានបទថ្មីៗ និងកម្មវិធីធំៗជូនអ្នកចូលរួមឈ្វេងយល់និងកម្សាន្ត ដូចជា វេទិកាពិភាក្សា សិក្ខាសាលា ទស្សនកិច្ចវប្បធម៌ ពិព័រណ៍មរតកអក្សរសិល្ប៍ កម្មវិធីប្រកួតប្រជែងទាក់ទងនឹងអក្សរសិល្ប៍ និងសិល្បទស្សនីយភាពផង។

លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសម្ដែងនូការគាំទ្រមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥ ហើយសង្ឃឹមថាមហោស្រពនឹងធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់តម្លៃនៃអក្សរសិល្ប៍ខ្មែរកាន់តែរឹងមាំបន្តទៅមុខទៀត។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកស្រីបានចូលរួមឧបត្តម្ភគាំទ្រដល់កម្មវិធីមហោស្រពចំនួន៥០០ដុល្លាបន្ថែមទៀត។

គួរជម្រាបថា គណៈកម្មការរៀបចំមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥ បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងស្ថាប័ន អង្គការ និងសប្បុរសជននានា ជាពិសេសការគាំទ្ររបស់លោករដ្ឋមន្រ្តី និងលោកស្រី គឺជាកាយវិការដ៏ប្រពៃ និងជាគំរូដ៏ល្អមួយ ព្រមទាំងជាកម្លាំងចលករដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញ និងលើកទឹកចិត្តដល់ក្រុមការងារមហោស្រពអក្សរសិល្ប៍ខ្មែរ ពិសេសយុវជនឱ្យនៅតែបន្តពុះពារធ្វើការងារនេះដោយមោទនភាព ដើម្បីនិរន្តរភាព និងវឌ្ឍនភាពរអក្សរសាស្ត្រជាតិ៕