(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងលោកស្រី ញ៉ឹក ស៉ីម ថោងខុន រួមជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រោមឱវាទក្រសួង ព្រមទាំងក្រុមគ្រួសារ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានរួមគ្នាប្រារព្ធធ្វើបុណ្យកឋិនទានដង្ហែចូលវត្តអម្ពវ័ន្តនារាម ហៅវត្តស្វាយជីអោក ស្ថិតនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។

កម្មវិធីបុណ្យកឋិនទាននេះបានចាប់ផ្តើមប្រារព្ធឡើងនារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ញាតិមិត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ ជួបជុំនៅគេហដ្ឋានរបស់លោករដ្ឋមន្ត្រីនិងលោកស្រីនាខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីក្រុងពាលី ធ្វើបទមនស្ការព្រះរតនត្រៃយ៍ និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត សម្តែងធម្មទេសនា ក្រោមព្រះអធិបតីភាពព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព។

លុះព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ លោករដ្ឋមន្ត្រី ថោង ខុន និងលោកស្រី ញ៉ឹក ស៉ីម ថោងខុន រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងក្រុមគ្រួសារ និងពុទ្ធបរិស័ទបានរួមគ្នាដង្ហែអង្គកឋិនទានតាមរថយន្តចេញពីលោករដ្ឋមន្ត្រីនិងលោកស្រី សំដៅទៅវត្តស្វាយជីអោក នាស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស។

សូមជម្រាបថា អង្គឋិនទាននេះដែរគឺប្រមូលបានបច្ច័យចំនួន១៨៨លានរៀល៕