(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងលោកស្រី នៅល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ថវិកាលើកទឹកចិត្ត ព្រមទាំងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដល់ក្រុមកីឡាករចំណុះទូក «ង» ចំនួន២៦ទូក មកពីបណ្តាក្រុង-ស្រុក ក្នុងខេត្តក្រចេះ។

ក្នុងឱកាសនោះ លោក វ៉ា ថន បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងទូក «ង» ថ្នាក់ខេត្តនាពេលនេះ គឺជាលើកទី១ សម្រាប់ខេត្តក្រចេះ ដើម្បីជាការចង់ចាំនូវអនុស្សាវរីយ៍របស់ប្រជាពលរដ្ឋខេត្តក្រចេះ និងដើម្បីអបអរសាទរ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ។ អ្វីដែលសំខាន់នោះ គឺដើម្បីអបសាទរចំពោះប្រទេសកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខនេះ ដែលជាឱកាសបង្ហាញឲ្យឃើញពីសក្តានុពល នៃការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា អាចស្រូបទាញ នៃការចូលរួមពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។

លោកអភិបាលខេត្ត បានបន្តថា ឱកាសការកើតឡើង នៃព្រឹត្តិការណ៍ដ៏ធំសម្រាប់ខេត្តក្រចេះ នាពេលនេះ គឺទទួលបានមកពីកត្តាសុខសន្តិភាពពេញលេញ ក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ ប្រាកដនិយមរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាល។

លោកបានលើកទឹកចិត្ត និងជំរុញដល់ក្រុមកីឡាករឲ្យខិតខំហ្វឹកហាត់ ដើម្បីបង្ហាញថ្វីដៃជូនភ្ញៀវទស្សនា ក៏ដូចជាដណ្តើមយកពានជើងឯកប្រចាំខេត្ត សម្រាប់ចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣។ លោកបានណែនាំទៀតថា ក្នុងពេលប្រកួត សូមចេះអត់ឱនឲ្យគ្នាទៅវិញទៅមក កុំឈ្លោះប្រកែកគ្នា និងសូមកុំភ្នាល់ដាក់លុយឲ្យសោះ។

សូមបញ្ជាក់ថា អំណោយគ្រឿងឧបរិភោប បរិភោគរបស់រដ្ឋបាលខេត្ត ដែលប្រគល់ជូនចំណុះទូកទាំង២៦ទូក ក្នុងមួយទូកទទួលបានថវិកា ៥០ម៉ឺនរៀល, អង្ករ ៥០គីឡូក្រាម, មី ៥កេស, ទឹកត្រី ទឹកស៉ីអ៉ីវ ១យួរ, ទឹកសុទ្ធ ២៥យួរ, អាវយឺតក្នុងមួយទូក ២៨អាវ និងស្រាបៀរវឌ្ឍនៈ ចំនួន៥កេស សម្រាប់ថ្ងៃចុងក្រោយផងដែរ៕