(ព្រៃវែង)៖ អតីតក្រុមអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សប្រឆាំងផ្សេងទៀត ចំនួន១,១៤២នាក់ នៅស្រុកព្រះស្ដេច ខេត្តព្រៃវែង បានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសក្នុងការចូលរួមចំណែកកសាងសង្គមកម្ពុជាឲ្យកាន់តែប្រសើរឡើង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ពិធីប្រកាសទទួលស្គាល់ និងជួបសំណេះសំណាលធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព អ្នកឧកញ៉ា លី សាម៉េត តំណាងសម្តេចតេជោ ហ៊ុន សែន, លោក ស្បោង សារ៉ាត់ ប្រធានគណបក្សខេត្តព្រៃវែង, លោក មាស ប៊ុនឡី ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន, លោក យូ សិរីវុឌ្ឍ ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងាររបស់អ្នកឧកញ៉ា លី សាម៉េត និងលោក លោកស្រី ដែលជាប្រធាន អនុប្រធាន ក្រុមការងារចុះជួយស្រុកព្រះស្ដេចជាច្រើននាក់ទៀត។

ប្រពលរដ្ឋសមាជិកគណបក្សផ្សេងៗ ដែលសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នោះរួមមាន៖ មកពីអតីតគណបក្សសង្រោះជាតិ ចំនួន១,០២៧នាក់, គណបក្សភ្លេីងទៀន ចំនួន៦០នាក់ និងគណបក្សហ្វ៊ុនសុិនបុិច ចំនួន៥៥នាក់។

លោក មាស ប៊ុន ឡី បានថ្លែងអំណរគុណចំពោះការចូលរួមរបស់សមាជិក សមាជិកា ដែលជាអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សផ្សេងៗទៀត ដែលវិលមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា ជាគណបក្សតែមួយគត់ដែលមានវ័យចំណាស់ខាងនយោបាយ និងមានបទពិសោធន៍ជាង៧០ឆ្នាំមកហើយ គឺមានគោលនយោបាយច្បាស់លាស់ ដឹកនាំប្រទេសឈានទៅរកភាពរីកចម្រើនលើគ្រប់វិស័យ។

ក្នុងឱកាសនោះ លោក ស្បោង សារ៉ាត់ បានរំលេចថា អស់រយៈពេលជាង៤០ឆ្នាំ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ក្នុងការប្រកបរបររកទទួលទានចិញ្ចឹមជីវិត ការប្រតិបត្តិជំនឿសាសនា និងគណបក្សនយោបាយជាដើម ហើយប្រជាពលរដ្ឋបានស្រឡាញ់ និងគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសជាតិជារៀងរហូតមក ដូច្នេះសូមពលរដ្ឋទូទាំងប្រទេសត្រូវរួមគ្នាថែរក្សាសុខសន្តិភាពឲ្យបានគង់វង្ស សម្រាប់អនាគតប្រទេសជាតិ និងកូនចៅជំនាន់ក្រោយៗទៀត។

អ្នកឧកញ៉ា លី សាម៉េត បានគូសបញ្ជាក់ក្នុងពិធីនោះថា ការចូលមករួមរស់នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបំផុត ពីព្រោះបច្ចុប្បន្ននេះមិនមានគណបក្សនយោបាយណាមួយ ដែលមានគោលនយោបាយច្បាស់លាស់ ក្នុងការដឹកនាំប្រទេសជាតិ ដូចគណបក្សប្រជាជនកម្ពុជាឡើយ ពោលពួកគេធ្វើនយោបាយដើម្បីផលប្រយោជន៍បក្ខពួក ក្រុមគ្រួសារ និងបម្រើបរទេសតែប៉ុណ្ណោះ ដោយមិនបានគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋឡើយ។

ផ្ទុយទៅវិញ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយបានដោះស្រាយទុក្ខលំបាកផ្សេងៗជូនប្រជាពលរដ្ឋជានិច្ច និងមិនដែលរត់ចោលប្រជាពលរដ្ឋឡើយនោះទេ ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ។ អ្នកឧកញ៉ាបានបញ្ជាក់ទៀតថា «យើងមានអ្វីៗដូចសព្វថ្ងៃនេះ គឺមិនមែនជារឿងចៃដន្យទេ តែវាជាជោគវាសនាដ៏ល្អដែលប្រទេសកម្ពុជា មានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ដោយសម្ដេចមិនដែលធ្វើឲ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមានការខកចិត្តម្ដងណាឡើយ»។

អ្នកឧកញ៉ា ក៏បានប្រកាសថ្កោលទោសដាច់អហង្ការ និងប្រឆាំងដាច់ខាត ចំពោះសេចក្តីថ្លែងការណ៍របស់ ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាម ជាពូជក្បត់ជាតិ៣ជំនាន់ តាមរយៈវីដេអូឃ្លីប នាពេលថ្មីៗ នេះ ដែលបានញុះញង់ឲ្យកងកម្លាំង ប្រដាប់អាវុធ ធ្វើការបះបោរ និងបានប្រមាថ ដោយអសីលធម៌ចំពោះ សម្តេចតេជោ នាយករដ្ឋមន្តី ដែលជាស្ថាបនិក សន្តិភាព និងជាទីគោរពស្រឡាញ់របស់ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

ក្នុងនាមក្រុមការងារគណបក្សប្រជាជន ក៏ដូចជាកងកម្លាំងទាំងអស់ ប្តេជ្ញាការពារដាច់ខាតរដ្ឋធម្មនុញ្ញ, ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ការពារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ ពិសេសការពារឲ្យខាងតែបាននូវសន្តិភាព ទោះក្នុងតម្លៃណាដ៏ដោយ ព្រមទាំងគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី បន្តវេននាពេលអនាគត៕