(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាមចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ១ពាន់នាក់ នៅស្រុកបារាយណ៍ និងស្រុកតាំងគោក។

លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ការចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋនេះធ្វើឡើងតាមរយៈកិច្ចសម្របសម្រួលរវាងក្រសួងទេសចរណ៍ជាមួយក្រុមហ៊ុនទេសចរណ៍វៀតណាម Vietravel និង IH Travel ក្រុមវេជ្ជបណ្ឌិតតាំវៀតស្ម័គ្រចិត្តវៀតណាមចំនួន១២០នាក់ ដោយបានចុះមកពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រមាណ១ពាន់នាក់ (ស្រុកបារាយណ៍៦០០នាក់ និងស្រុកតាំងគោក៤០០នាក់)។

លោកបានបន្តថា ប្រភេទជំងឺដែលត្រូវពិនិត្យនិងព្យាបាល រួមមាន ជំងឺពាក់ព័ន្ធប្រព័ន្ធរំលាយអាហារ ផ្លូវដង្ហើម បេះដូង សរសៃឈាម សាច់ដុំ និងគ្រោងឆ្អឹង ផលប៉ះពាល់ដល់សុខភាពដែលបណ្តាលមកពីជំងឺកូវីដ-១៩ ពិនិត្យអ៊ុលត្រាសោន អេកូសាស្រ្ត និងសម្ពព។

លោក ថោង ខុន បានបន្ថែមថា ក្រុមគ្រូពេទ្យវៀតណាមបាននាំយកនូវអំណោយនិងថ្នាំពេទ្យចំនួន១ពាន់កញ្ចប់ចែកជូនប្រជាពលរដ្ឋ ដែលគិតជាថវិកាប្រមាណ៤ម៉ឺនដុល្លារ។ ជាមួយគ្នានោះ ក្រុមការងារវៀតណាមក៏បានរៀបចំធ្វើម្ហូបអាហារជូនប្រជាពលរដ្ឋទាំងចាស់ ទាំងក្មេង មានដូចជាបបរមាន់ ពោតលីង ប្រហិតបំពង សាច់មាន់បំពង និងនំនេកផ្សេងទៀតផងដែរ។

គួរកត់សម្គាល់ថា ក្រុមគ្រូពេទ្យតាំវៀតស្ម័គ្រចិត្តវៀតណាមបានមកពិនិត្យនិងព្យាបាលជំងឺជូនប្រជាជនកម្ពុជាបានចំនួន៨លើក និងសរុបចំនួនប្រជាជនគឺមានជាង២ម៉ឺននាក់រួចមកហើយ ក្នុងនោះស្រុកបារាយណ៍និងស្រុកតាំងគោកបានចំនួន២លើក (ទាំងលើកនេះ)។

នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានថ្លែងអំណរគុណចំពោះមន្ត្រីរាជការនិងក្រុមការងារនៃក្រសួងទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ Vietravel និងក្រុមហ៊ុនទេសចរណ៍ IH Travel ពិសេសក្រុមវេជ្ជបណ្ឌិតតាំវៀតស្ម័គ្រចិត្តវៀតណាម ដែលបានលះបង់កម្លាំងកាយចិត្តចុះមកសម្របសម្រួល ពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋកម្ពុជាក្នុងថ្ងៃនេះ៕