(ភ្នំពេញ​)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បំពេញទស្សនកិច្ច​ធុរកិច្ចនៅអាប៊ូដាប៊ីអេមីរ៉ាតអារ៉ាប់រួម ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ដើម្បីចូលរួមពីពិធីប្រកាសបើកការចចារជាផ្លូវការកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ​ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនប្រទេសទាំងពីរ។

ក្នុងឱកាស នៃដំណើរទស្សនកិច្ចធុរកិច្ចនេះ សភាពាណិជ្ជកម្មកម្ពុជាសហការជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម និងសហព័ន្ធសភាពាណិជ្ជកម្ម​និងឧស្សាហកម្មអេមីរ៉ាត អារ៉ាប់រួមរៀបចំវេទិកាធុរកិច្ចកម្ពុជា-អេមីរ៉ាត​អារ៉ាប់រួម​ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង​ស្ថាប័ន​នៃប្រទេសទាំងពីរ និងក្រុមហ៊ុនសរុបជាង៧០ក្រុមហ៊ុន​។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានឹងថ្លែងសុន្ទរកថាក្នុងវេទិកានេះ ដោយលើកយកកាលានុវត្តភាព ធុរកិច្ច​វិនិយោគ ស្ថានភាព​សេដ្ឋកិច្ច​ និង វិស័យសក្តានុពល​​​របស់​​កម្ពុជា​ ដើម្បី​ជំរុញ​ពាណិជ្ជ​កម្ម
​វិនិយោគ​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការអភិវឌ្ឍ​វិស័យឌីជីថល​សហគ្រាសធុនតូច​និងមធ្យម និងពិនិត្យលទ្ធភាពសហការ​លើគម្រោងរួមរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។  

វេទិកាធុរកិច្ចនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីពិធីប្រកាសបើកការចចារជាផ្លូវការកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកបណ្ឌិត Thani bin Ahmed Al Zeyoudi រដ្ឋមន្ត្រីពាណិជ្ជកម្មក្រៅប្រទេសអេមីរ៉ាតអារ៉ាប់រួម៕

នៅព្រឹក​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២២ គណៈប្រតិភូ​សភាពាណិជ្ជ​កម្ម​កម្ពុជា ដឹកនាំ​ដោយ ​អ្នក​ឧកញ៉ា គិត ម៉េង នឹងអញ្ជើញ​​បំពេញ​​ទស្សនកិច្ច​ទៅកាន់​ក្រុម​ហ៊ុន​​មួយ​ចំនួន​នៅ​អាប៊ូដាប៊ី​ អេមីរ៉ាត​អារ៉ាប់​រួម។៕