(ព្រះសីហនុ)៖ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍មរតកដូនតាដែលបានបន្សល់ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានរៀបចំពិព័រណ៍នំខ្មែរលើកទី១ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលវប្បធម៌ ដែលមានទីតាំងឋិតនៅផ្លូវលេខ៨២៧ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។

លោក គង់ វិភាណៈ អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា ការខិតខំកៀរគរប្រមែប្រមូលធនធានមនុស្សដែលមានចំណេះជំនាញក្នុងការវេចខ្ចប់ ចំអិន តុបតែងនំខ្មែរ ជាច្រើនរូប បាននាំមកនូវនំខ្មែរប្រហែល៥០ប្រភេទ រៀបចំដាក់តាំងបង្ហាញឡើងនៅនៅមជ្ឈមណ្ឌលវប្បធម៌ខេត្តព្រះសីហនុ។

ក្នុងពិធីពិព័រណ៍នេះ ក៏បានបង្ហាញឱ្យឃើញនូវការអភិរក្ស និងអភិវឌ្ឍន៍មរតកវប្បធម៌អរូបីដែលជាស្នាដៃ ជាដួងព្រលឹង ជាអត្តសញ្ញាណនៃជាតិសាសន៍ខ្មែរ ហើយបន្តបង្ហាត់បង្រៀនដល់កូនចៅ ក្នុងគ្រួសារ ក្នុងសហគមន៍ រក្សាការពារ ឱ្យគង់វង្ស ដោយឈរលើការ អភិរក្ស និងអភិវឌ្ឍន៍ទាំងរសជាតិ រចនារូបរាង វេចខ្ចប់ សោភ័ណ្ឌភាព ឱ្យទៅជាលក្ខណៈខ្មែរទំនើបកម្ម និងឈានទៅលក់នៅក្រៅប្រទេសថែមទៀតផង។ ខ្មែរយើងមាននំខ្លះ ទាក់ទងទៅនឹងទំនៀមទំលាប់ ប្រពៃណី ដូចជា នំអន្សម និងនំគមតំណាងឱ្យភេទហើយជាគ្រឿងរណ្ដាប់យ៉ាងសំខាន់នៅក្នុងពិធីរៀបមង្គលការ ពិធីបុណ្យប្រពៃណីពិធីបុណ្យសាសនាជាដើម។ រីឯ នំបញ្ចុកបង្ហាញពីការសាមគ្គីភាពនៅក្នុងគ្រួសារ ក្នុងសហគមន៍ ពឹងពររកគ្នា ជួយកិនម៉ូ ស្ងោរនំ បុកម៉ៅ និងសង្កត់ប៉ែនចំអិនដោយទឹកក្តៅដាំពុះ លាងដោយទឹកត្រជាក់ ចាប់ជារង្វលៗ។

លោកបន្ដទៀតថា មាននំម្យ៉ាងទៀត ឈ្មោះនំគ្រាបនៅខាងខេត្តស្វាយរៀង និងខេត្តព្រៃវែង ដើម្បីឱ្យបាននំគ្រាប គេយកអង្ករដំណើបចំហុយឱ្យឆ្អិន រួចបុកឱ្យម៉ត់ល្អ ទើបគេសង្កត់ រឹតកាត់ហើយគេលាបពងមាន់ ធ្វើជាជម្លៀកៗ គេចំអិនដោយអាំងនិងរងើកភ្លើង គេទុកបានយូរ សម្រាប់ទទួលភ្ញៀវ សម្រាប់ហែរជំនូន ក្នុងពិធីមង្គលការ ឬសម្រាប់យកទៅសួរសុខទុក្ខ មិត្តភ័ក្តិ តើម្រាក់ជាដើម។

លោកប្រធានមន្ទីរ បានអានក្នុងរបាយការណ៍ នំខ្លះ ខ្មែរបានចម្លងពីបរទេស តែខ្មែរចេះច្នៃប្រឌិត ឱ្យទៅជាលក្ខណៈខ្មែរ តែក៏មានបរទេសចម្លងពីខ្មែរទៅដែរ ដូចជា នំបញ្ចុក តាមរឿងធនញ្ជ័យ។ នៅស្រុកខ្មែរ នំបញ្ចុក នៅស្រុកចិន គុយទាវ នៅអឺរ៉ុប មាន Pasta (មីអ៊ីតាលី)។ នំបញ្ចុក ទទួលទានដោយ ចង្កឹះ ស្លាបព្រា គុយទាវ ទទួលទានដោយ ស្លាបព្រា ចង្កឹះ រីឯមីស៊ីតាលីទទួលទានដោយសម។

លោកសង្ឃឹមថា នៅពេលពិព័រណ៍លើកក្រោយ យើងនឹងបានឃើញនូវប្រភេទនំផ្សេងទៀត ជាក់ជាពុំខានឡើយ។ លើសពីនេះទៀត មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ត្រូវបង្កើតព្រឹត្តិការណ៍ វប្បធម៌ផ្សេងៗទៀត ដូចជា ដណ្ដាំស្លរ សម្លៀកបំពាក់ប្រពៃណីក្នុងពិធីមង្គលការ ពិធីបុណ្យសាសនា៕