(ភ្នំពេញ)៖ លោក កែវ ពិសិដ្ឋ អាយុ៣៧ឆ្នាំ តំណាងមន្ទីរសម្រាកព្យាបាល និងសម្ភព «សុវណ្ណ រិទ្ធីសក្ដិ» មានទីតាំងស្ថិតនៅភូមិពោធិញ្ញាណ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ តាមចេញមកបំភ្លឺជុំវិញករណីចុះព័ត៌មាន គ្មានមូលដ្ឋានគតិយុត្ត និងបំភ្លើសខុសពីការពិតទាំងស្រុងតែម្តង ដែលមានចេតនាចង់បង្អូចបង្កាច់កេរ្តិ៍ឈ្មោះពហុព្យាបាលជំងឺរបស់ខ្លួន។

តាមរយៈលិខិតបំភ្លឺផ្ញើមកកាន់បណ្តាញព័ត៌មាន លោក កែវ ពិសិដ្ឋ បានឱ្យដឹងថា «ខ្ញុំបាទសូមជម្រាបជូន សាធារណៈជន ឱ្យបានជ្រាបថា មន្ទីរពហុព្យាបាល និងសម្ភព កែវ ការីណូ និងសម្ភព សុវណ្ណ រិទ្ធីសក្ដិ ត្រូវបានបង្កើតឡើងដោយបានចុះបញ្ជីត្រឹមត្រូវស្របច្បាប់របស់ក្រសួងសុខាភិបាល និងមានខ្ញុំបាទជាគ្រូពេទ្យ មានសញ្ញាបត្រត្រឹមត្រូវ ដែលខុសពីការលើកឡើងក្នុងអត្ថបទផ្សាយរបស់សារព័ត៌មានអនឡាញមួយចំនួនផងដែរ»

លោកថា ប្រសិនបើមិនមានច្បាប់ត្រឹមត្រូវនោះទេ គឺមិនអាចដំណើរការ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋរហូតដល់បច្ចុប្បន្នបានឡើយ។ ម្យ៉ាងវិញទៀត លោកឪពុកខ្ញុំបាទឈ្មោះ កែវ ការីណូ ដែលជាស្ថាបនិកបង្កើត ពហុព្យាបាលនេះ បានទទួលអនិច្ចកម្មហើយដែរ បែរជាត្រូវអ្នកសារព័ត៌មានខ្លះ មិនបានស្រាវជ្រាវ និងស្វែងរកប្រភពព័ត៌មានឱ្យបានច្បាស់លាស់ ដោយជឿលើប្រភពព័ត៌មានរបស់បុគ្គលខិលខូចញុះញង់ថា បានសម្ភាសលោកឱពុកខ្ញុំបាទ ដែលជាទង្វើផ្សព្វផ្សាយប្រមាថមាក់ងាយដល់ដួងវិញ្ញាណក្ខន្ធរបស់ឪពុកខ្ញុំខ្លាំងមែនទែន។

លោកបានគូសបញ្ជាក់ថា៖ «ការផ្សព្វផ្សាយជុំវិញការចោទប្រកាន់គ្រប់ចំណុចបំភ្លើសផ្ទុយពីការពិត គ្មានភស្តុតាង ឬអំណះអំណាងច្បាស់លាលទាល់តែសោះ ដែលធ្វើឱ្យមហាជនមានការយល់ច្រឡំ មានចរិតលក្ខណៈបង្កចលាចលក្នុងសង្គមយ៉ាងខ្លាំង។ តាមរយៈលិខិតនេះ ខ្ញុំបាទសូមបំភ្លឺជូនសាធារណៈជនមេត្តាកុំយល់ច្រឡំ ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលមានចេតនាញុះញង់ឱ្យមានការរើសអើង និងប៉ះពាល់ដល់កិត្តិយស ក៏ដូចជាសេចក្តីថ្លៃថ្នូរចំពោះរូបខ្ញុំ និងក្រុមគ្រួសារ»