(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានបន្តចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន១,៥០០គ្រួសារ មកពីឃុំចំនួន៥ ក្នុងស្រុកឯកភ្នំ។

លោក សុខ លូ បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា បើទោះបីជាសម្ដេចមិនបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ក្ដី ក៏ប៉ុន្តែសម្ដេចបានណែនាំដល់រដ្ឋបាលខេត្ត ក្នុងការចុះពិនិត្យស្វែងរកប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះបញ្ហានានាដូចជាគ្រោះទឹកជំនន់ជាដើម ដើម្បីធ្វើការចែកជូនអំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះនោះ ឲ្យបានទាន់ពេលវេលា។

លោកបានបញ្ជាក់ថា ការចែកអំណោយសង្រ្គោះនេះ គឺមិនបានចែកបានគ្រប់គ្នាទេ គឺធ្វើការចែកចំពោះប្រជាពលរដ្ឋដែលខ្វះខាតខ្លាំងជាងគេ ហើយថ្ងៃទៅមុខទៀតក៏នឹងបន្តចែកជាបន្តបន្ទាប់ទៀត ដូចនេះសូមបងប្អូនមានការអធ្យាស្រ័យផងដែរ ។

លោកក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋណាដែលមិនទាន់ធ្វើការចាក់វ៉ាក់សាំងកូវីដ ដូសជំរុញទេ សូមប្រញាប់ទទួលការចាក់វ៉ាក់សាំងដូសជំរុញនេះ ឲ្យបានគ្រប់ៗគ្នា ព្រោះថាជំងឺកូវីដនៅក្នុងប្រទេសកម្ពុជានេះ មិនទាន់ផុតរលត់ទៅណាទេ គឺនៅតែបន្តយាយីប្រជាពលរដ្ឋគ្រប់ពេលវេលា ដូចនេះសូមនាំគ្នារួសរាន់ទៅចាក់នៅតាមមណ្ឌលសុខភាព ឬមណ្ឌលចាក់វ៉ាក់សាំងណាមួយ ដែលនៅជិតផ្ទះប្រជាពលរដ្ឋ ចាប់ពីដូសទី៣ឡើងទៅ ហើយសុំកុំឲ្យមានការភ័យខ្លាចថា ចាក់វ៉ាក់សាំងនេះហើយបង្កឲ្យមានបញ្ហាអីផ្សេងឲ្យសោះ ព្រោះវ៉ាក់សាំងគឺសម្រាប់ការពារ ជាពិសេសសម្រាប់ការពារក្រុមមនុស្សទន់ខ្សោយឲ្យគេចផុតពីជំងឺកូវីដ-១៩ និងត្រូវបន្តចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការស្លាប់ និងពិការភាពដោយសារគ្រោះថ្នាក់ចរាចរណ៍។

អំណោយដែលនាំយកមកជូននាពេលនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មីជាតិ១កេស ទឹកសុទ្ធ១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអីវ១យួរ និងសាប៊ូមួយដុំ៕