(កំពត)៖ រថយន្តយីឌុបដឹកឈើពេញ ឆ្លងកាត់ស្ពាន «តារាជ» បណ្តាលឲ្យបាក់ស្ពាន នៅម៉ោងប្រហែល១២កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ ចំណុចផ្លូវលេខ៤៣(តាកែនកោះស្លា) ស្ថិតក្នុងភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត។

លោក ជួន សារ៉ា នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពត បានឲ្យដឹងថា ពិតជាមានរថយន្តយីឌុបដឹកឈើ បណ្តាលឲ្យបាក់ស្ពានខាងលើនេះមែន នៅវេលាកណ្តាលអាធ្រាត្រ។

លោកបន្តថា ឈើដែលរថយន្តយីឌុបដឹកនោះ មានប្រមាណ៧០ម៉ែត្រគូប ដឹកចេញពីខេត្តកំពង់ស្ពឺ ឆ្លងចូលមកក្នុងទឹកដីខេត្តកំពត ដោយខុសច្បាប់។ បច្ចុប្បន្នលោក កំពុងឲ្យកម្លាំងរដ្ឋបាលព្រៃឈើ សហការជាមួយកងកម្លាំងប្រដាប់អាវុធ នៅក្នុងខេត្តមួយចំនួនទៀត យករថយន្តទៅស្ទូចយករថយន្ត និងឈើល្មើសខាងលើ នាំយកមករក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើកំពត ដើម្បីរកម្ចាស់ នាំមកផ្តន្ទាទោសតាមច្បាប់។

សមត្ថកិច្ចដដែលបញ្ជាក់ថា កំណាត់ផ្លូវលេខ៤៣ ដែលរថយន្តដឹកឈើល្មើសខាងលើឆ្លងកាត់នោះ គេឃើញមានកម្លាំងគ្រប់សមត្ថកិច្ចជាច្រើនស្ថាប័ន ដែលឈរជើងនៅលើកំណាត់ផ្លូវនោះ ពង្រាយចាប់តាំង ពីទឹកដីខេត្តកំពង់ស្ពឺមកដល់ទឹកដី នៃខេត្តកំពត ប៉ុន្តែបែរជាមិនបង្ក្រាប ឬបង្ក្រាបមិនដែលបាន ខណៈមានរថយន្តជាច្រើនគ្រឿងកន្លងមក បានដុះស្លែដឹកឈើល្មើសយ៉ាងគគ្រឹកគគ្រេងនៅលើដងផ្លូវលេខ៤៣ (កោះស្លា) មួយនេះ សំដៅនាំឆ្លងដែនចុះទៅប្រទេសវៀតណាម តាមច្រករបៀងនានាក្នុងខេត្តកំពត៕