(ភ្នំពេញ)៖ ប្រតិភូនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៃកម្ពុជា ដឹកនាំដោយលោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាននៃ គ.ជ.ប បានចូលរួមមហាសន្និបាត លើកទី៥ របស់សមាគមស្ថាប័នរៀបចំការបោះឆ្នោតពិភពលោក ហៅកាត់ថា A-WEB និងសន្និសីទអន្តរជាតិ ស្ដីពី «កិច្ចការពារស្ថាប័នគ្រប់គ្រងការបោះឆ្នោត ក្នុងសម័យកាលដែលលទ្ធិប្រជាធិបតេយ្យ សកលលោកមានការធ្លាក់ចុះ» នៅទីក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង ជាមួយប្រទេសជាសមាជិក A-WEB សរុប ១០៩ប្រទេស។

បើតាមសេចក្ដីជូនដំណឹង របស់ គ.ជ.ប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់ថា គណៈប្រតិភូ គ.ជ.ប នៃកម្ពុជា នឹងវិលត្រឡប់មកដល់មាតុប្រទេសវិញ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ហើយក្នុងឱកាសវិលត្រឡប់មកវិញនេះ លោក ឌឹម សុវណ្ណារុំ ប្រធានប្រតិភូ គ.ជ.ប នឹងធ្វើសន្និសីទសារព័ត៌មាន ដើម្បីជម្រាបជូនពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំ ក្នុងព្រឹត្តិការណ៍នេះ វេលាម៉ោង ៦៖៣០នាទីល្ងាច នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រក VIP)៕