(កំពង់ចាម)៖ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីប្រាក់រៀល នាព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២២នេះ លោកស្រីបណ្ឌិត ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល៤២ឆ្នាំកន្លងមកនេះ វត្តមានរបស់ប្រាក់រៀល បានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការស្ដារ និងកសាងអធិបតេយ្យសេដ្ឋកិច្ច និងសង្គមជាតិ ។

លោកស្រីបណ្ឌិត បានបន្តថា សមិទ្ធផលគួរជាទីមោទនៈទាំងនេះ អាចសម្រេចបានក្រោមដំបូលសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ដោយមានការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលធ្វើឲ្យប្រជាជន និងវិនិយោគិន មានជំនឿទុកចិត្តកាន់តែរឹងមាំមកលើប្រាក់រៀល និងអនាគតនៃសេដ្ឋកិច្ចកម្ពុជា។

លោកស្រីអគ្គនាយក បានឲ្យដឹងផងដែរថា ទោះយ៉ាងណា ទម្លាប់នៃការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ក៏បានចាក់ជ្រៅទៅក្នុងសេដ្ឋកិច្ចនិងសង្គម ជាពិសេសផ្នត់គំនិតរបស់ប្រជាជន ដែលបញ្ហានេះ នឹងបន្តទាមទារ ឲ្យមានការចូលរួមបន្ថែមទៀត ក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀលពីគ្រប់ភាគីពាក់ព័ន្ធ ទាំងក្រសួងស្ថាប័នសាធារណៈ និងឯកជនក្រុមហ៊ុន សហគ្រាស និងប្រជាពលរដ្ឋទូទៅ។

លោកស្រីបន្តថា ការប្រើប្រាស់ប្រាក់រៀលកាន់់តែច្រើន នឹងផ្តល់លទ្ធភាពដល់ធនាគារជាតិនៃកម្ពុជា ក្នុងការអនុវត្តនយោបាយរូបិយវត្ថុ និងអត្រាប្តូរប្រាក់កាន់តែមានប្រសិទ្ធភាព សំដៅរក្សាស្ថិរភាពថ្លៃ ក៏ដូចជាការពារអំណាចទិញរបស់ប្រជាពលរដ្ឋ។

អភិបាលរងខេត្តកំពង់ចាម លោក លី សារ៉ារិទ្ធ បានឲ្យដឹងផងដែរថា ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិនិយាយជារួម និងសេដ្ឋកិច្ចតំបន់ ឬខេត្តកំពង់ចាមនិយាយដោយឡែក មិនអាចប្រព្រឹត្តទៅដោយរលូននោះទេ ប្រសិនបើមិនមានរូបិយវត្ថុជាតិ ដែលដើរតួនាទីប្រៀបបាននឹងប្រេងរំអិល ក្នុងការសម្រួលដល់សកម្មភាពវិនិយោគ ផលិតកម្ម និងពាណិជ្ជកម្ម ឲ្យមានភាពរស់រវើក។

លោបន្ដថា មិនត្រឹមតែប៉ុណ្ណោះ ប្រទេសនីមួយៗតែងតែមានរូបិយវត្ថុជាតិរបស់ខ្លួន ដែលតំណាងឲ្យអត្តសញ្ញាណជាតិ ដូចនេះ ការប្រើប្រាស់ទូលំទូលាយ នូវប្រាក់រៀលប្រៀបបាននឹងការរក្សា និងចែករំលែកនូវចំណេះដឹងពីប្រវត្តិសាស្ត្រ និងវប្បធម៌កម្ពុជាដល់អ្នកជំនាន់ក្រោយ និងភ្ញៀវទេសចរបរទេស ហើយអាចពង្រឹងនូវស្មារតីបង្រួបបង្រួមជាតិ ក្នុងនាមជាប្រជាជននៅក្នុងសង្គមជាតិតែមួយ ដែលកន្លងមកភាពបែកបាក់ក្នុងសង្គម គឺជាកត្តាមួយធ្វើឲ្យប្រទេសកម្ពុជា ស្គាល់នូវរបបខ្មៅងងឹតខ្មែរក្រហម និងសង្រ្គាមស៊ីវិលអស់រយៈពេលជាច្រើនទសវត្សរ៍។

លោកអភិបាលរងខេត្ត បានបន្តថា ទោះយ៉ាងណា កន្លងមកលោក បានសង្កេតឃើញ ការចាយវាយប្រាក់រៀលនៅខេត្តកំពង់ចាម ពីសំណាក់ប្រជាពលរដ្ឋមានច្រើនគួរជាទីមោទនៈ ជាពិសេសការចំណាយ ប្រចាំថ្ងៃ ដូចជា ម្ហូបអាហារ ភេសជ្ជៈ សម្លៀកបំពាក់ និងការធ្វើដំណើរ ជាដើម បើទោះបីជាខេត្តកំពង់ចាម បាននិងកំពុងក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយ និងជាខេត្តទេសចរណ៍ដ៏ទាក់ទាញមួយ សម្រាប់ភ្ញៀវទេសចរបរទេស ដែលបាននាំមកនូវប្រភពចំណូលជារូបិយប័ណ្ណបរទេសយ៉ាងច្រើន ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តយ៉ាងណាក៏ដោយ។

លោកអភិបាលរងខេត្ត បានយកឱកាសនោះ លើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងក្រុមហ៊ុន-សហគ្រាស ដែលមានវត្តមាននៅក្នុងខេត្តកំពង់ចាម ចូលរួមប្រើប្រាស់ប្រាក់រៀលជំនួស ឲ្យរូបិយប័ណ្ណបរទេស ឲ្យកាន់តែច្រើនឡើងថែមទៀត ពីព្រោះប្រាក់រៀលជារូបិយវត្ថុជាតិរបស់យើងទាំងអស់គ្នា៕