(សៀមរាប)៖ សមិទ្ធផលនានាគាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋ នៅតំបន់អភិវឌ្ឍន៍រុនតាឯក ចាប់ផ្តើមលេចចេញជារូបរាងបណ្តើរៗហើយ។ វត្តមានសមិទ្ធផលទាំងអស់នោះ ធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តកាន់តែខ្លាំង ចំពោះការងារអភិវឌ្ឍនៅតំបន់អភិវឌ្ឍន៍រុនតាឯក ហើយពួកគាត់ចាប់ផ្តើមសាងសង់លំនៅឋាន និងចូលមករស់នៅតំបន់រុនតាឯកផងដែរ។

តំបន់អភិវឌ្ឍន៍រុនតាឯក ជាភូមិឋានថ្មីមួយដែលរាជរដ្ឋាភិបាលរៀបចំឡើង សម្រាប់ប្រជាពលរដ្ឋស្ម័គ្រចិត្តចាកចេញពីរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតរបស់អាជ្ញាធរជាតិអប្សរា។ តំបន់អភិវឌ្ឍន៍រុនតាឯក មានផ្ទៃដីសរុបជាង ៥០០ហិកតា ហើយមានប្រជាពលរដ្ឋជិត ៦ពាន់គ្រួសារ ត្រូវបានរៀបចំឱ្យរស់នៅក្នុងតំបន់នេះ។

ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងក្នុងបំណងប្រែក្លាយជាតំបន់អភិវឌ្ឍន៍រុនតាឯក ជាក្រុងរណបមួយនោះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញបទបញ្ជាឱ្យសាងសាងនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើន សម្រាប់គាំទ្រដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ហេដ្ឋារចនាសម្ព័ន្ធដែលសម្តេចតេជោ បញ្ជាឱ្យសាងសង់នោះ រួមមានផ្លូវ មន្ទីរពេទ្យ សាលារៀន ផ្សារ ព្រមទាំងការតភ្ជាប់បណ្តាញទឹកស្អាត និងអគ្គិសនី។ បន្ថែមពីលើនោះ សម្តេចតេជោ ក៏បានណែនាំឱ្យសង់បង្គោលអត់តែនទូរស័ព្ទ និងរៀបចំដីសម្រាប់លំនៅឋានរបស់ប្រជាពលរដ្ឋផងដែរ។

សម្តេចតេជោនាយរដ្ឋមន្ត្រី បានដាក់បទបញ្ជាឱ្យកងវិស្វកម្មតេជោហ៊ុនសែនសៀមរាប ដែលមាននាយឧត្តមសេនីយ៍ ខេង សុមេធ ជាមេបញ្ជាការទទួលបន្ទុកលើការងាររៀបចំដី និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា។ ដើម្បីសម្រេចឱ្យបានលឿនបំផុតនូវបទបញ្ជារបស់សម្តេចតេជោ, នាយឧត្តមសេនីយ៍ ខេង សុមេធ បានដាក់គ្រឿងចក្រជិត ២០០គ្រឿង និងកងកម្លាំងរាប់ពាន់នាក់ប្រតិបត្តិការ នៅតំបន់អភិវឌ្ឍន៍រុនតាឯក។ ក្រោមការបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍ ខេង សុមេធ កម្លាំងកងវិស្វកម្មទាំងអស់ បានសម្រុកបំពេញការងារទាំងយប់ថ្ងៃ និងគ្មានថ្ងៃសៅរ៍អាទិត្យនោះឡើយ។

បច្ចុប្បន្នការងារសាងសង់មន្ទីរពេទ្យ សាងសង់សាលារៀន សាងសង់ផ្សារ សាងសង់ផ្លូវ រៀបចំដីលំនៅឋាន ការតបណ្តាញអគ្គិសនី និងបណ្តាញទឹកស្អាត ធ្វើឡើងព្រមៗគ្នា។

របាយការណ៍បានបង្ហាញថា ការសម្អាតដីឡូត៍សម្រេចបានទំហំ ៤៣១ហិកតា ស្មើ ៧៦,២០% នៃផ្ទៃដីសរុប ៥៦៦ហិកតា។ ការស្ថាបនាផ្លូវក្រួសក្រហម ប្រើប្រាស់កម្លាំង ២២០នាក់ និងគ្រឿងចក្រសរុប ១៩៤គ្រឿង ស្ថាបនាផ្លូវក្រួសក្រហមសម្រេចបានប្រវែង ៥៧គីឡូម៉ែត្រ ស្មើ ៤០,៧១% នៃប្រវែងផ្លូវសរុប ១៤០គីឡូម៉ែត្រ។ ចាក់បំពេញដីទ្បូត៍ជូនប្រជាពលរដ្ឋបានចំនួន ២៨៣ទ្បូត៍។

ការសាងសង់សាលារៀនកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យចំនួន២ខ្នង កម្ពស់ពីរជាន់ ចំនួន ២៤បន្ទប់ សម្រេចការសាងសង់បានប្រមាណ ២០ភាគរយ។ អគារទីចាត់ការនិងបណ្ណាល័យ ១ខ្នង មាន ៣បន្ទប់ សម្រេចលទ្ធផលបាន ២០%។

ដោយឡែកការសាងសង់មណ្ឌលសុខភាព រួមមានអគារជំងឺទូទៅ អគារសម្ភព និងអគារស្នាក់នៅគ្រូពេទ្យ ១ខ្នង ២ជាន់ ២០បន្ទប់ សម្រេចលទ្ធផលបានប្រមាណ ២០ភាគរយ។ ការសាងសង់ផ្សារ ដែលមានចំនួន ៨ខ្នង មួយខ្នងទំហំ ២០ម៉ែត្រ x ៤០ម៉ែត្រ សម្រេចលទ្ធផលបានប្រមាណ ១៥ភាគរយ។

ការងារតបណ្តាញអគ្គិសនីវិញ បានបញ្ចប់ការសិក្សាសម្រាប់ការអនុវត្តបន្ទាន់លើគម្រោងជំហានទី១ ក្នុងតំបន់ ១ និង តំបន់២ នៃតំបន់អភិវឌ្ឍន៍រុនតាឯក, ដំឡើងត្រង់ស្វូរបានចំនួន ២គ្រឿង, ដាំបង្គោលតង់ស្យុងមធ្យម MV បានចំនួន ៦៥ ដើម លើចំំនួនសរុប ១៣១ដើម, ដាំបង្គោលតង់ស្យុងទាប LV បានចំនួន ២៦៦ ដើម លើចំនួនសរុប ៩៧០ដើម,អូសខ្សែតង់ស្យុងទាប LV បានចំនួន ១,៦១៧ ម៉ែត្រ លើប្រវែងសរុប ៣០,១៤៨ម៉ែត្រ។

ដើម្បីមានសេវាគ្របដណ្តប់នៅតំបន់នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គ្រោងសាងសង់ស្ថានីយបង្គោលអង់តែន ៥ ទីតាំង៖ ក្នុងនោះក្រុមការងារ បានដំណើរការសាងសង់ស្ថានីយបង្គោលអង់តែនចំនួន ២ ទីតាំង។ មួយទីតាំងសម្រេចសម្រេចបាន ៧០% គ្រោងបញ្ចប់នៅដើមខែវិច្ឆិកា ឆ្នាំ២០២២។ មួយទីតាំងទៀត បានសាងសង់បង្គោលស្ថានីយអង់តែនរួចរាល់ ហើយប្រតិបត្តិករទូរស័ព្ទទាំងបីក្រុមហ៊ុនរួមមាន CamGsm, Viettel Cambodia និង Smart Axiata ត្រៀមដាក់ឱ្យដំណើរការប្រើប្រាស់នៅដើមខែវិច្ឆិកា ឆ្នាំ២០២២។

ការរៀបចំប្រព័ន្ធទឹកស្អាតវិញ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំគម្រោងសាងសង់ប្រព័ន្ធបញ្ជូនទឹកស្អាត ទៅតំបន់អភិវឌ្ឍន៍រុនតាឯកប្រវែង ១៧គីឡូម៉ែត្រ ចាប់ពីចំណុចផ្សារអង្គ្រង តាមបណ្តោយផ្លូវជាតិលេខ ៦៦ ចូលដល់ទីតាំងតំបន់អភិវឌ្ឍន៍រុនតាឯក ក្នុងតម្លៃទឹកប្រាក់ប្រមាណ ៣លានដុល្លារអាមេរិក កំពុងត្រូវបានត្រៀមដំណើរការ។

តាមរយៈសមិទ្ធផលដែលបានបង្ហាញរូបរាងនេះ បានធ្វើឱ្យប្រជាពលរដ្ឋស្ម័គ្រចិត្តទៅរស់នៅតំបន់រុនតាឯកកាន់តែមានទំនុកចិត្ត និងជឿជាក់ចំពោះផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។

ប្រជាពលរដ្ឋជាច្រើននាក់ បានចូលទៅសង់លំនៅឋានសម្រាប់រស់នៅ ហើយខ្លះទៀតក៏បានចាប់ផ្តើមប្រកបរបរលក់ដូរនៅលើទីតាំងដីរបស់ពួកគេផងដែរ។

ប្រជាពលរដ្ឋដែលបានចូលទៅរស់នៅ និងរៀបចំសាងសង់លំនៅឋាននៅតំបន់រុនតាឯក បានថ្លែងថា ពួកគេកាន់មានទំនុកចិត្តខ្ពស់ចំពោះគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។ ពួកគេ ក៏បានបង្ហាញការសប្បាយរីករាយចំពោះការមករស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ព្រោះមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រច្រើនដូចជាផ្លូវ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ និងផ្សារ ដែលនឹងជួយឱ្យការរស់នៅរបស់ពួកគេមានភាពងាយស្រួល។

ប្រជាពលរដ្ឋ ក៏មានក្តីរំពឹងថា ជីវភាពរបស់ពួកគាត់នឹងបានប្រសើរជាមួយការកសាងជីវភាពថ្មីនៅតំបន់អភិវឌ្ឍន៍រុនតាឯកនេះ ព្រោះជាទីដែលមានមនុស្សរស់នៅច្រើនអាចអំណោយផលដល់ការធ្វើអាជីវកម្មផ្សេងៗ៕