(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ អញ្ជើញទទួលអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នូវអង្ករចំនួន២០០តោន និងថវិកាចំនួន ១៥ម៉ឺនដុល្លារ ជូនដល់រដ្ឋបាលខេត្ត ដើម្បីបន្តចាត់ចែងរៀបចំជាកញ្ចប់ស្បៀងបន្ថែមទៀត សម្រាប់ផ្តល់ជូនពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ទឹកជំនន់ និងមានជីវភាពខ្វះខាត នៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ។

លោក ងួន រតនៈ បន្តទៀតថា ខេត្តកំពង់ធំ ទទួលរងគ្រោះទឹកជំនន់ខ្លាំង ធ្វើឲ្យមានផលប៉ះពាល់ទូទាំង៩ក្រុងស្រុក និងបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋ ។

លោកបន្ថែមទៀតថា ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ សម្តេចតេជោ បានផ្តល់ស្បៀងបន្ទាន់បម្រុងទុក សម្រាប់ដោះស្រាយបញ្ហាជីវភាពប្រជាពលរដ្ឋ មានចំនួន ២៤,០០០គ្រួសារ ក្នុងនោះក្រុមការងារ បានចែកអស់ចំនួន១១,៩០០គ្រួសារ ដែលយើងបានកំពុងបន្តចែកគ្រប់ច្រកល្ហកទៅដល់គោលដៅដែលអាជ្ញាធរ ភូមិ ឃុំ ក្រុងស្រុក បានដាក់សំណើផ្ទាល់មករដ្ឋបាលខេត្ត នេះជាការដោះស្រាយស្បៀងបន្ទាន់ ជាស្បៀងបម្រុងរបស់រដ្ឋាភិបាល។

លោកបន្ដថា ដោយឡែក សម្តេចបានផ្តល់លទ្ធភាពបន្ថែមទៀត ដល់រដ្ឋបាលអាជ្ញាធរថ្នាក់ក្រោមជាតិ ថ្ងៃនេះយើងធ្វើពិធីប្រគល់ទទួលអង្ករចំនួន ២០០តោន និងថវិកាចំនួន១៥ម៉ឺនដុល្លារពីសម្តេចផ្ទាល់ ផ្តល់ឲ្យរដ្ឋបាលខេត្ត ដើម្បីបន្តចាត់ចែងរៀបចំជាកញ្ចប់ស្បៀងបន្ថែមទៀត ដើម្បីផ្តល់ជូនពលរដ្ឋបន្តទៅទៀត។

អភិបាលខេត្តកំពង់ធំ បន្តទៀតថា ដោយឡែកជាមួយស្ដារឡើងវិញ ផលប៉ះពាល់ដំណាំកសិកម្ម ដំណាំស្រូវ ជាទូទៅ ផលប៉ះពាល់មានជាង ២ម៉ឺនហិកតា ក្នុងនោះទទួលរងការខូចខាតទាំងស្រុងជាង ១២.០០០ហិកតា ប៉ុន្តែលទ្ធភាពស្តារឡើងវិញ លើទីតាំងដែលមានប្រភពទឹកប្រភពទឹកអាចបង្កបង្កើនផលបាននៅពេលទឹកស្រកទៅវិញមានចំនួន ៩.៥៥០ហិកតា តម្រូវការពូជស្រូវរហូតដល់ ៨៧៦តោន ។

លោកបន្ថែមទៀតថា កន្លងទៅទេសរដ្ឋមន្ត្រី គន់ គីម ក៏ដូចជាក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និង ក្រសួងកសិកម្ម ជាមួយរដ្ឋបាលខេត្ត បានចែកពូជស្រូវបានជាង ៣០០តោន លើ ៤ស្រុក ហើយនៅសល់ ៥ស្រុក ស្មើនឹងជាង ៥០០តោនទៀត សម្តេចអញ្ជើញផ្តល់ជាកិត្តិយសចែកដោយផ្ទាល់ នៅថ្ងៃទី២៩ ខែតុលា ខាងមុខនេះ។

លោក ងួន រតនៈ បានអំពាវនាវដល់បងប្អូនដែលទទួលបានពូជស្រូវ សូមរូតរះក្នុងការរៀបចំដី ដើម្បីព្រោះសាបឡើងវិញ ឥឡូវស្ថានភាពទឹកបានស្រកចុះជាគំហុក៕