(ប៉ារីស)៖ ក្រុមម្ចាស់ផ្ទះមាន់គកបារាំង ទទួលបាន៣ពិន្ទុ នៅថ្ងៃបើកឆាកព្រឹត្តិការណ៍ បាល់ទាត់ពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 យប់មិញ បន្ទាប់ពីយកឈ្នះគូប្រជែង រ៉ូម៉ានី (Romania) ដោយលទ្ធផលបច្ចេកទេស ២-១ យប់មិញនេះ ក្នុងពូល A ។

សារព័ត៌មាន BBC បានផ្សាយថា ការប្រកួតដែលបានធ្វើឡើងនៅពហុកីឡដ្ឋាន Stade de France ស្ថិតនៅចំកណ្តាលទីក្រុងប៉ារីសនោះ ម្ចាស់ World Cup 1998 បារាំងមិនអាចធ្វើអ្វីរ៉ូម៉ានីបានទេ ក្នុងវគ្គទី១រយៈពេល៤៥នាទីដំបូង ដោយអូសបន្លាយរហូតដល់នាទីទី៥៧ ទើបកីឡាករមកពីក្លឹប Arsenal, Olivier Giroud រកបាន១គ្រាប់នាំមុខ តែត្រូវបានកីឡាកររ៉ូម៉ានី Bogdan Stancu ទាត់បាល់ពិន័យប៉េណាល់ទីចូលទី តាមស្មើវិញនៅ ៧នាទីបន្ទាប់។

តែយ៉ាងណាក៏ដោយ ទីលានកាន់តែមានកម្តៅខ្លាំងឡើង នៅពីមុខអ្នកទស្សនាថ្ងៃដំបូងចំនួន ៧៥១១៣នាក់ បានធ្វើឲ្យក្រុមបារាំងសម្រុកបន្ថែម ព្រោះចង់បាន៣ពិន្ទុ ដើម្បីលួងចិត្តអ្នកគាំទ្រ និងឡើងទៅឈរនៅកំពូលតារាងក្នុងពូល A បណ្តោះអាសន្នផងដែរ។ នៅនាទីទី៨៩ ចុងម៉ោងក្នុងវគ្គទី២ ​កីឡាករខ្សែប្រយុទ្ធមកពីក្លឹប West Ham United, Dimitri Payet បានស៊ុតគ្រាប់បាល់បញ្ចូលទីពីចម្ងាយ ជួយឲ្យក្រុមជម្រើសជាតិបារាំង យកឈ្នះ រ៉ូម៉ានី ដោយលទ្ធផល ២-១។

១ប្រកួតសន្សំពិន្ទុក្នុងពូលបន្តទៀត គឺក្រុមជម្រើសជាតិអាល់បានី ប៉ះក្រុមជម្រើសជាតិស្វីស នាម៉ោង ៨៖០០នាទីរាត្រី នេះ ក្នុងពូល A ដដែល៕