(ភ្នំពេញ)៖​ បុរសម្នាក់បើករថយន្ដស៊េរីមួយគ្រឿងម៉ាក RANGE ROVER ពាក់ស្លាកលេខភ្នំពេញ 2AA-8777 បុករបាំងដែកពុះចែកទ្រូងផ្លូវបាក់អស់១៥ផ្ទាំង​ បណ្ដាលឱ្យរថយន្ដបែកធុងទឹក​ និងខ្ទេចផ្នែកខាងមុខ ព្យាយាមបើករត់ដល់ផ្សារបឹងកែងកង សម្រេចទុករថយន្ដចោលរត់គេចខ្លួនបាត់​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ កើតឡើងនៅយប់ឈានចូលថ្ងៃទី១១​ ខែមិថុនា​ ឆ្នាំ២០១៦នេះ​ ស្ថិតតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងកែងកង​២ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។ ព័ត៌មានពីកន្លែងបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្ដស៊េរីមួយនេះ ពាក់ស្លាកលេខភ្នំពេញ 2AA-8777 បើកបរដោយបុរសម្នាក់ជាជនជាតិ លុះដល់ចំណុចកើតហេតុ បានបុក​របាំងដែកពុះចែកទ្រូងផ្លូវបាក់អស់១៥ផ្ទាំង ពេញទំហឹង​បណ្ដាលឱ្យរថយន្ដបែកធុងទឹក​ ក្រោយមកបានបើករត់ដល់ផ្សារបឹងកែងកង​ ទើបទុករថយន្ដចោលរត់គេចខ្លួនបាត់​។

រថយន្ដបង្កត្រូវបានសមត្ថកិច្ច​ ស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ក្រុងភ្នំពេញ​ ដើម្បីចាត់ការតាមនីតិវិធី៕