(ភ្នំពេញ)៖​ បុរសជនជាតិចិនម្នាក់ បើករថយន្ដបុកជនរងគ្រោះ២នាក់ប្ដីប្រពន្ធរងរបួសធ្ងន់ ស្ថិតក្នុងខណ្ឌចំការមន​ ក្រោយមកបានបើករត់ដល់ខណ្ឌដូនពេញ បានបុកបន្ដទៀត​ តែត្រូវប្រជាពលរដ្ឋឡោមព័ទ្ធចាប់បានវាយអ្នកបើកបរងរបួស​ និងរថយន្ដខ្ទេចទើបប្រគល់ឱ្យសមត្ថកិច្ច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ កើតឡើងនៅយប់ថ្ងៃទី១០​ ខែមិថុនា​ ឆ្នាំ២០១៦​ តាមមហាវិថីព្រះមុនីវង្ស​ ក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។

ព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្ដម៉ាក Fortuner ពាក់ស្លាកលេខភ្នំពេញ៖ 2Z-3000​ បើកបរដោយបុរសជនជាតិចិនម្នាក់​ លុះមកដល់ចំណុចកើតហេតុបានបុកម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 ពាក់ស្លាកលេខ៖ ព្រៃវែង 2A-2424 បណ្ដាលឱ្យជនរងគ្រោះ២នាក់ប្ដីប្រពន្ធរងរបួសធ្ងន់​ ទើបជ្រុលទៅបុកទីតាំងលក់រថយន្ដនៅក្បែរនោះ​ ធ្វើខូចខាតរថយន្ដ២គ្រឿងដែរ។

ក្រោយពីបុកគេរួចមក​ រថយន្ដបង្កបានបើករត់ដល់ផ្សារកណ្ដាល​ ក្នុងខណ្ឌដូចពេញ​ ក៏បុកបន្ដទៀត​ ទើបប្រជាពលរដ្ឋនាំគ្នាឡោមព័ទ្ធដេញចាប់វាយរថយន្ដខ្ទេច​ និងអ្នកបើកបររងរបួសផងដែរ​ ទើបប្រគល់ឱ្យសមត្ថកិច្ច។ ក្រោយពេលកើតហេតុ​ រថយន្ដបង្ករួមទាំងអ្នកបើកបរ​ ត្រូវបានសមត្ថកិច្ចជំនាញយក ទៅការិយាល័យចរាចរណ៍រាជធាណីភ្នំពេញ​ ដើម្បីចាត់ការតាមនីតិវិធី៕